គណបក្សប្រជាធិបតេយ្យមូលដ្ឋាន អំពាវនាវឲ្យដោះលែងលោកកឹម សុខា
ព័ត៌មាន
1546

រាជធានីភ្នំពេញ៖ បក្សប្រជាធិបតេយ្យមូលដ្ឋាន បានចេញនូវសេចក្តីថ្លែងការណ៍មួយ ដោយ អំពាវនាវឲ្យរាជរដ្ឋាភិបាលដោះលែងលោកកឹម សុខា ឲ្យមានសេរីភាពវិញ ។ សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ គឺក្រោយពេល លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា មានការខ្វែងយោបល់គ្នាជាមួយលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្រោយការជួបពិភាក្សាគ្នាស្ដីពីការគោរព និងលទ្ធិប្រជាធិបតេយ្យ តែប៉ុន្មានម៉ោងប៉ុណ្ណោះ។

ក្នុងសេចក្ដីថ្លែងការណ៍នោះ គណបក្សប្រជាធិបតេយ្យមូលដ្ឋានអំពាវនាវឲ្យរាជរដ្ឋាភិបាលដោះលែងលោកកឹម សុខា និងអ្នកទោសនយោបាយដទៃទៀតឲ្យមានសេរីភាពឡើងវិញ និងបើកសិទិ្ធសេរីភាពដល់អ្នកយកព័ត៌មានឲ្យបំពេញតួនាទីជាអ្នកផ្ដល់ព័ត៌មានដល់សាធារណជនដោយគ្មានការភ័យខ្លាចឡើងវិញ។ជាមួយគ្នានោះដែរ គណបក្សនេះក៍បានអំពាវនាវឲ្យមានការរៀបចំការបោះឆ្នោតមួយប្រកបដោយសេរី ត្រឹមត្រូវ និងយុតិ្តធម៌ ដោយមានការចូលរួមពីអ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិ ឲ្យបានពេញលេញផងដែរ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជន ចេញមុខប្រតិកម្មចំពោះសេចក្តីថ្លែងការណ៍ នេះភ្លាមៗវិញ ថា ខណនេះ ប្រជាជន កម្ពុជា មិនខ្វល់ខ្វាយនឹងអ្នកប្រព្រឹត្តល្មើសច្បាប់ត្រូវជាប់ពន្ធនាគារ និងឃុំឃាំងទេ ។ បើអ្នកណាល្មើសច្បាប់ អ្នកនោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ អ្នកណាប្រព្រឹត្ត អ្នកត្រូវជាប់ ទោស ។ ប្រជាជនកម្ពុជា មិនខ្វល់ខ្វាយនឹងអ្នកប្រព្រឹត្តល្មើសច្បាប់ ត្រូវជាប់ពន្ធនាគារ និងឃុំឃាំងនោះទេ នេះហើយដែលហៅថា ក្បាលអ្នកណា សក់អ្នកនោះ អ្នកក្បត់ជាតិ ត្រូវជាប់ទោសតាមទោសក្បត់ជាតិ។ អ្នកជួញដូរគ្រឿងញៀន ត្រូវជាប់ទោសរឿងជួញដូរគ្រឿងញៀន។ អ្នកប្លន់គេ ត្រូវជាប់ទោសពីបទប្លន់។ អ្នកលួច ត្រូវជាប់ទោស ពីបទលួច។ អ្នកប្រព្រឹត្តពុករលួយ ត្រូវជាប់ទោសពីបទពុករលួយ។ អ្នករត់ពន្ធ ត្រូវជាប់ទោសពីបទរត់ពន្ធ ៕