ពាណិជ្ជកម្ម

របត់នយោបាយ (សីហនុុ-លន់ នល់-ប៉ុល ពត-ហ៊ុន សែន) ស្រាវជ្រាវដោយ ឈឹម សេរីភួន (ភាគទី១)

សម្ដេចសីហនុ ទ្រង់ប្រសូតនៅវេលាម៉ោង១៩យប់ថ្ងៃទី ៣១ខែតុលាឆ្នាំ ១៩២២ នៅរាជធានីភ្នំពេញ។ ព្រះបិតា ព្រះនាមនរោត្តម សុរាម្រឹត ជាបុត្រារបស់ព្រះអង្គម្ចាស់នរោត្តម សុធារស និងម្ចាស់ក្សត្រិយ៍នរោត្តម ផាង៉ា ង៉ាម ។ ព្រះអង្គម្ចាស់នរោត្ដមសុធារស ជាស្វាមី និងម្ចាស់ក្សត្រិយ៍ នរោត្តម ផាង៉ា ង៉ាម ជាមហេសី គឺជាបុត្រា និងជាបុត្រីបង្កើតរបស់ព្រះមហាក្សត្រនរោត្តម តែមានមាតាទីទៃពីគ្នា ។ ចំណែកព្រះមាតាព្រះអង្គព្រះនាមស៊ីសុវត្ថិ កុសមៈ នារីរ័ត្ន ជាបុត្រី របស់ព្រះមហាក្សត្រស៊ីសុវត្ថិ មុនីវង្ស ជាមួយនឹងម្ចាស់ក្សត្រិយ៍ នរោត្តម នរលក្ខណ៍ទេវី ដែលជាបុត្រីរបស់ព្រះអង្គម្ចាស់នរោត្ដម ហាស្សកណ្ឌ ហើយព្រះអង្គម្ចាស់ហាស្សកណ្ឌ នេះក៏ជាបុត្ររបស់ព្រះមហាក្សត្រនរោត្ដមដែរ ពោលគឺព្រះមាតា និងព្រះបិតារបស់សម្ដេចព្រះនរោត្ដម សីហនុ សុទ្ធតែជាចៅរបស់ព្រះមហាក្សត្រនរោត្តម។

ព្រះអង្គម្ចាស់នរោត្ដម សុធារស ជាអ្នកចេះដឹងខាងភាសាបាលីជ្រៅជ្រះ បានប្រទានព្រះនាមនរោត្តម សីហនុ ចំពោះព្រះអង្គដោយផ្ទាល់ គឺក្នុងន័យលើកតម្កើងព្រះអង្គឲ្យមានឫទ្ធីបារមីខ្លាំងពូកែ ប្រៀបដូចជាសឹង្ហ ដែលជាស្ដេចលើពួកសត្វទាំងពួង។ ចំណែកក្រុមហោរារបស់ព្រះមហាក្សត្រស៊ីសុវត្ថិ មុនីវង្ស ក៏បានទស្សន៍ទាយទុកថា ទៅអនាគត នរោត្តម សីហនុ នឹងបានឡើងកាន់មុខតំណែងដ៏ខ្ពង់ខ្ពស់នៅក្នុងប្រទេសមិនខាន។ ក្រោយពេលប្រសូតមក ព្រះមាតាព្រះបិតាបានប្រគល់ព្រះអង្គឲ្យអ្នកម្នាងឃុន ប៉ាត់ ដែលកាលណោះមានព្រះជន្ម ៧៣វស្សា ទៅហើយ តែនៅមានព្រះរាជសុខភាពមាំមួននៅឡើយ ជាអ្នកចិញ្ចឹមបីបាច់ថែរក្សា។

កាលនោះក្នុងរាជវង្សតែងនាំគ្នាហៅ ព្រះនាមព្រះរាជកុមារសីហនុ ថា ថុល ឬម៉ាប់។ អ្នកម្នាង ឃុន ប៉ាត់ ជាត្រកូលអភិជនដែលបានរៀបអាពាហ៍ពិពាហ៍ ជាមួយព្រះអង្គម្ចាស់នរោត្តម មហាស្សកណ្ឌ ជាអយ្យិការបស់ម្ចាស់ក្សត្រិយ៍ស៊ីសុវត្ថិ កុសុមៈនារីរ័ត្ន ហើយ អ្នកម្នាង ឃុន ប៉ាត់ ជាអ្នកបីបាច់ថែរក្សា ម្ចាស់ក្សត្រិយ៍ស៊ីសុវត្ថិ កុសុមៈនារីរ័ត្ន ក្រោយព្រះមាតាព្រះនាងសោយទិវង្គត់ តាំងពីព្រះនាងនៅវ័យក្មេងមកម្ល៉េះ។ មូលហេតុដែលព្រះមាតាបិតាព្រះអង្គផ្តុកផ្តាក់ព្រះអង្គឲ្យអ្នកម្នាងឃុន ប៉ាត់ ជាអ្នកបីបាច់ថែរក្សានោះ គឺពុំមែនមកពីព្រះមាតាបិតា មិនសព្វព្រះទ័យនិងបុត្រាសីហនុនោះទេ ប៉ុន្តែត្រូវធ្វើតាមទំនាយរបស់ក្រុមហោរាប្រចាំព្រះរាជវាំង ដែលបានកំណត់ឲ្យធ្វើដូច្នេះ បើពុំនោះទេ ព្រះរាជកុមារនរោត្ដម សីហនុ នឹងត្រូវសោយទិវង្គត់ទាំងវ័យក្មេងជាមិនខាន។

នៅពេល ព្រះរាជកុមារនរោត្តម សីហនុ មានព្រះជន្ម៥វស្សា អ្នកម្នាង ឃុន ប៉ាត់ បានអប់រំ ឲ្យព្រះអង្គរក្សាសីល៥ តាមគន្លងព្រះពុទ្ធសាសនា ដោយឲ្យព្រះអង្គតាំងព្រះទ័យ មិនភូតកុហក មិនពោលពាក្យអសុរស មិនសម្លាប់សត្វ មិនលួច និង មិនប្រមាថមនុស្សចាស់ មិនសេពសុរាជាដើម ហើយរាល់ថ្ងៃសីល ព្រះអង្គត្រូវសូត្រធម៌ ដែលទាក់ទងនឹងសីល៥ តាមព្រះសង្ឃមួយអង្គ ដោយទាំងមិនយល់ថា ធម៌នោះមានន័យអ្វីផង។ ក្រោយមកអ្នកម្នាងឃុន ប៉ាត់ បានសោយទិវង្គត់ ក្នុងព្រះជន្មាយុ៨០ព្រះវស្សា ព្រះរាជកុមារ សីហនុ ត្រូវកោរព្រះកេសសាងផ្នួសនៅមុខភ្លើង ដើម្បីជាការតបស្នងសងគុណរយៈពេល២៤ម៉ោង។អត់ពីអ្នកម្នាង ឃុន ប៉ាត់ ទៅ ព្រះមាតាបិតាបានប្រគល់ព្រះអង្គថ្វាយម្ចាស់ក្សត្រិយ៍ ព្រះនរោត្តម ផាង៉ា ង៉ាម និងព្រះអង្គម្ចាស់នរោត្តម សុធារស ជាព្រះអយិ្យកោ ព្រះអយិ្យកា ខាងព្រះបិតា ជាអ្នកបីបាច់ថែរក្សាបន្តទៀត។ ប៉ុន្តែជារៀងរាល់ថ្ងៃសៅរ៍ ព្រះមាតាបិតា សុរាម្រិត និងកុសុមៈ តែងតែនាំព្រះអង្គទៅទតខ្សែភាពយន្ត (ភាពយន្តបរទេស) ជាប់ជាប្រចាំ។

ប្រការនេះហើយដែលធ្វើឲ្យព្រះអង្គមានព្រះទ័យចូលចិត្តវិស័យភាពយន្តតាំងពីពេលនោះមក។ ជាមួយគ្នានេះ ព្រះអង្គក៏មានព្រះទ័យចូលចិត្តវិស័យតន្ត្រីផងដែរ។ ដោយឡែកខាងអក្សរសាស្រ្តវិញ ទោះបីជាព្រះអយ្យិកោនរោត្តម សុធារស ចង់បណ្ដុះនិស្ស័យព្រះអង្គទៅនឹងផ្នែកនេះណា ក៏ទៅមិនរួចដែរ ព្រះអង្គបែរជាជក់ព្រះទ័យទៅលើវិស័យកីឡាបាល់ទាត់ បាល់ទះ និងបាល់បោះទៅវិញ។ បើទោះបីព្រះអង្គជក់ព្រះទ័យនឹងវិស័យសិល្បៈ និងកីឡាយ៉ាងជ្រាលជ្រៅក៏ដោយ ក៏នៅដំណាច់ឆ្នាំនីមួយៗនៃសាលាបឋមសិក្សាហ្វ្រង់ស័រ ប៊ូឌ័ង ព្រះអង្គតែងទទួលរង្វាន់ជារៀងរាល់ឆ្នាំ ដោយមិនចាំបាច់ខំប្រឹងសិក្សានោះឡើយ។

នៅក្នុងឆ្នាំ១៩៣៥ ពេលព្រះអង្គយាងចូលព្រះជន្ម១៤វស្សា ព្រះមាតាបិតា មានការភ័យព្រួយ ចំពោះការជួបព្រះទ័យនឹងវិស័យសិល្បៈ និងកីឡា របស់បុត្រាពេក ក៏បានដាស់តឿនក្រើនរំឭក ថាបុត្រាមិនត្រូវដើរលេងជាមួយក្មេងៗជិតខាង ដូចការនិងមានប្រជន្ម១០វស្សានោះទៀតទេ ព្រោះបុត្រចូលដល់យុវវ័យហើយ បុត្រឃើញទេ ប្រទេសយើងស្ថិតនៅក្រោមអាណានិគមរបស់បារាំង គឺមានតែខ្មែរដែលចេះភាសាបារាំងស្ទាត់ជំនាញប៉ុណ្ណោះ ទើបអាចរកការងារបានល្អប្រសើរនៅក្នុងជួរមន្ត្រីរាជការ ដូច្នេះបុត្រាត្រូវតែបន្តការសិក្សានៅវិទ្យាល័យ សាស្សឺលូ ឡូបា នាទីក្រុងព្រៃនគរដែលមានសុទ្ធតែសាស្ត្រាចារ្យ ខ្លាំងពូកែនៅទីនោះ។

ព្រះនរោត្តម សុរាម្រិត ជាព្រះបិតាក៏ជាអតីតសិស្សវិទ្យាល័យសាស្សឺលូ ឡូបា នោះដែរ។ ព្រះអង្គមិនអាចបដិសេធ បានចំពោះការសម្រេចព្រះទ័យរបស់ព្រះមាតាបិតាបានឡើយ តែអ្វីដែលព្រះអង្គព្រួយព្រះទ័យនោះ គឺបញ្ហាម្ហូបអាហារនៅអន្តេវាសិកដ្ឋាននៃវិទ្យាល័យសាស្សឺលូ ឡូបា ដែលព្រះអង្គត្រូវស្នាក់នៅដើម្បីសិក្សានៅពេលខាងមុខ ព្រោះកន្លងមកព្រះអង្គធ្លាប់ទតឃើញ ការហូបចុកនៅអន្តេវេសិកដ្ឋាននៅសាលាបឋមសិក្សាហ្វ្រង់ស័រ ប៊ូឌ័ង ក្តី នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ក្តី មើលទៅមិនគួរឱ្យគាប់ព្រះទ័យទាល់តែសោះ។(នៅមាន.តទៀត)

 




អត្ថបទទាក់ទង៖