ពាណិជ្ជកម្ម

BREAKING NEWS: ក្រុមហ៊ុន Facebook សម្រេចចិត្តបញ្ចប់ការធ្វើតេស្ដបែងចែក Explore Feed នៅក្នុងប្រទេសចំនួន០៦ហើយ រួមទាំងកម្ពុជា

ក្រុមហ៊ុន Facebook នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ បានបិទបញ្ចប់​ការធ្វើតេស្ដសាក​ល្បង វិធានការ​រឹត​បន្តឹងរបស់ខ្លួន នៅក្នុងប្រទេស​ចំនួន ០៦ហើយ ដែលក្នុងនោះ​រួមទាំងប្រទេស​កម្ពុជា​ផងដែរ។ នេះបើតាម​ការចេញ​ផ្សាយដោយ​ ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី០២ ខែមីនា ឆ្នាំ២០១៨។

ក្រុមហ៊ុន Facebook បានរឹតបន្តឹង​លើការបង្ហោះ​ នៅលើបណ្ដាញ​ទំនាក់ទំនង​សង្គម​របស់ខ្លួន ដោយផ្ដោត​លើការបង្ហោះ​រូបភាព និងការធ្វើបច្ចុប្បន្នភាព​ពីមិត្តភក្តិ និងគ្រួសារ ព្រមទាំងការ​បង្កើតកម្មវិធីថ្មី​មួយហៅ​ថា «explore feed»។ ប៉ុន្តែព្រមពេល​ជាមួយការរឹតបន្តឹង​បែបនេះ បានធ្វើឱ្យអ្នក​ប្រើប្រាស់ និងអ្នកធ្វើពាណិជ្ជកម្ម​តាម Facebook មានការ​មិនពេញ​ចិត្តជាខ្លាំង។

យ៉ាងណា​ក៏ដោយ ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍​ចេញផ្សាយកាលពី​ថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុន Facebook បានអះអាងថា បណ្ដាញទំនាក់ទំនង​សង្គមដ៏ធំមួយនេះ​ក្នុងលោក បានសម្រេចចិត្តបិទ​បញ្ចប់ ការធ្វើតេស្ដ​សាកល្បងនេះ​ហើយ ពីព្រោះមនុស្ស​ជាច្រើន​បានបា្រប់ក្រុមហ៊ុន​ថា ពួកគេ​មិនចូលចិត្តការ​ផ្លាស់ប្ដូរកន្លង​មកនោះទេ។

«មនុស្សជាច្រើនបានប្រាប់ពួកយើងថា ពួកគេមិនពេញចិត្ត ចំពោះ​​ការបង្ហោះ​​របស់ពួកគេ​​​នោះទេ ហើយថា​ការបែងចែក News Feed​ និង explore feed មិន​អាចជួយពួកគេ​ក្នុងការបង្កើន​ទំនាក់ទំនង និងមិត្តភក្តិ ឬគ្រួសារ​បាននោះទេ»។ នេះបើតាម Facebook។

គួរំលឹកថា កាលពី​ខែតុលា ឆ្នាំ២០១៧ ក្រុមហ៊ុន Facebook បានដាក់ចេញ​នូវវិធានការដោយ​បែងការបង្ហោះ​​ជាពីរគឺ News Feed​ និង explore feed ហើយវាត្រូវ​បានធ្វើតេស្ដ​សាកល្បង​ចំនួន ០៦ ក្នុងនោះ​រួមមាន​បូលីវី កម្ពុជា ហ្គាតេម៉ាឡា ស៊ែរប៊ី ស្លូវ៉ាគី និងស្រីលង្កា៕

 




អត្ថបទទាក់ទង៖