ពាណិជ្ជកម្ម

កម្លាំងសមត្ថកិច្ចចុះបិទកន្លែងបញ្ចាំងកុន Home Cinema ក្រោយរកឃើញភាពមិនប្រក្រតីហើយមានដាក់សុទ្ធតែពូកដេកទៀត ហើយឃាត់ខ្លួនយុវវ័យសរុប១៩នាក់ និងម៉ូតូ១៥គ្រឿង!

ភ្នំពេញ៖ កម្លាំងចម្រុះខណ្ឌចំការមន ដឹកនាំកម្លាំងសម្របសម្រួលដោយលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះធ្វើរដ្ឋបាលត្រួតពិនិត្យទីតាំងផ្ទះល្វែងមួយកន្លែង ដែលបានបើកបញ្ចាំកុនគ្មានច្បាប់អនុញ្ញាត ដែលមានយីហោ Home Cinema ឃាត់ខ្លួនបានយុវវ័យប្រុសស្រីសរុបចំនួន១៩នាក់ ដែលមកពពាក់ពពូនចូលមើលកុនក្នុងទីតាំងខាងលើ រួមទាំងដកហូតបានម៉ូតូជាច្រើនគ្រឿងផងដែរ។

ប្រតិបត្តិការនេះបានធ្វើឡើង កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅចំណុច
ផ្ទះលេខ ៣៥ ផ្លូវ សីុលវ័រ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ថា ទីតាំងខាងលើនេះមានក្មេងស្ទាវ យុវវ័យ សិស្សាសាលា ពពាក់ពពូនគ្នា ចូលមើលកុន ក្នុងទីតាំងខាងលើដែលបើកបញ្ជាំងជាបន្ទប់ៗ មានគ្រែ ពូក ខ្មើយ
ដោយអ្នកខ្លះមើលក្នុង១បន្ទប់មានគ្នាតែ២នាក់ ,បន្ទប់ខ្លះទៀតមានគ្នាច្រើននាក់ ។ ទើបក្រោយពីមានសេចក្តីរាយការណ៍នេះរួចមក លោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចម្រុះខណ្ឌចំការមន បានចុះទៅធ្វើរដ្ឋបាលត្រួតពិនិត្យទីតាំងបញ្ចាំកុនខាងលើនេះតែម្តង ។

ជាលទ្ធផល សមត្ថកិច្ចបានរកឃើញថា ទីតាំងបញ្ចាំងកុនយីហោ Home Cinema មួយនេះគ្មានច្បាប់អនុញ្ញាតឲ្យធ្វើអាជីវកម្មត្រឹមត្រូវនោះទេ ជាពិសេសនោះ គឺបានពង្វក់ស្មារតីសិស្សសាលាមួយចំនួនធំ ឲ្យភ្លេចការសិក្សា ឈ្លក់វង្វេងនឹងភាពសប្បាយរីករាយ ស្នេហាអូនបង បណ្តើរគ្នាម្នាក់១គូៗ​ចូលក្នុងទីតាំងបញ្ចាំងកុនខាងលើនេះយ៉ាងពាក់ពពូន ។ មិនតែប៉ុណ្ណោះបន្ទប់បញ្ចាំងកុនទាំងនេះ មានទាំងVIP ១បន្ទប់២នាក់ដែលមានពូកដេក និងសាឡុង ផងដែរ។

ក្រោយប្រតិបត្តិការនេះ សមត្ថកិច្ចបានសម្រេចធ្វើការឃាត់ខ្លួនយុវវ័យដែលជាភ្ញៀវចូលមើលកុនក្នុងទីតាំងខាងលើចំនួន១៦នាក់មានទាំងស្រីទាំងប្រុស និងឃាត់ខ្លួនម្ចាស់ទីតាំងរោងកុនខាងលើចំនួន ៣នាក់បន្ថែមទៀត សរុបទាំងអស់១៩នាក់ និងបន្តដកហូតបានម៉ូតូចំនួន១៥គ្រឿងផងដែរ ត្រូវបានបញ្ជូនទៅកាន់ ប៉ុស្តិ៍រដ្ឋបាលសង្កាត់ទំនប់ទឹក ដើម្បីធ្វើការអប់រំទៅកាន់យុវវ័យទាំង១៦នាក់ និងឲ្យអាណាព្យាបាលមកធានាខ្លួនយកទៅវិញ ។ ដោយឡែកទីតាំងខាងលើ ត្រូវបានលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចធ្វើការ បិទទ្វាអាជីវកម្ម ខាងលើបណ្តោះអាសន្នសិនផងដែរ រង់ចាំដោះស្រាយតាមច្បាប់បន្តទៀត៕

 

 

 




អត្ថបទទាក់ទង៖