Ly Hour Leasing PLC

កូនខ្មែរត្រូវដឹង! ប្រវត្តិរបស់ប្រាសាទនាគពន្ធ័ និងការសាងសង់ដ៏អស្ចារ្យរបស់បុព្វបុរស

ប្រាសាទ​នាគព័ន្ធ ស្ថិតនៅ​ផ្លូវ​វង់​ធំ​នៃ​តំប​ន់​អង្គរ លើ​ទំហំ​ដី​ ៣៥០​ម៉ែត្រ​ បួន​ជ្រុង​ស្មើ មាន​ច​មា្ងយ​ ១៨​គីឡូម៉ែត្រ​ ពី​ទី​រួម​ខេត្តសៀមរាប ។ ប្រាសាទ​នេះ​មាន​សណ្ឋាន​លក្ខណៈ​ខុស​ប្លែក​ពី​គេ​ទាំង​អស់ គឺមាន​តែ​ប្រាសាទ​មួយសង់​នៅ​កណ្តាល​បាត​ស្រះ ។​ ប្រាសាទ​មាន​រាង​ប្រហាក់ប្រហែល​នឹង​ចេតិយ ប៉ុន្តែ​នៅ​ជ្រុង​កំពែង​ទាំង​៤​ទិស យើងឃើញ​មាន​កន្លែង​សម្រាប់​ព្យាបាល​ដល់​មនុស្ស​ដែល​ខ្វះ​ធាតុ​ទាំង​៤​ នៅក្នុង​ខ្លួន ។​ ​បើ​តាម​ប្រវត្តិសាស្ត្រ​ខ្មែរ​យើង​ដែល​និទាន​តៗ​គ្នា​មក​ថា ធាតុ​ទាំង​៤​នេះ គឺ​៖ ធាតុ​ទឹក​, ធាតុ​ដី​, ធាតុ​ភ្លើង និង ធាតុ​ខ្យល់ ។ មនុស្ស​យើង​ណា​ម្នាក់​បើសិន​ខ្វះ​ធាតុ​អ្វីមួយ​ក្នុងចំណោម​ធាតុ​ទាំង​៤ គឺ​អាច​ទៅ​ព្យាបាល​នៅ​ទី​ប្រាសាទ​នេះ ហើយ​កន្លែង​ព្យាបាល​ធាតុ​ទាំង​៤ គឺ​ស្ថិតនៅ​ខុសៗ​គ្នា​ទាំងអស់ ពោល​គឺ​នៅ​ជុំវិញ​គ្រប់​ជ្រុង​នៃ​ទិស​ទាំង​៤ ជុំវិញ​ប្រាសាទ​តែម្តង ។​ 
​ ​ 
ទិស​ខាងកើត​នៃ​ប្រាសាទនាគព័ន្ធ​តំណាងឱ្យ​ព្រះ​វិស្ណុ សម្រាប់​ព្យាបាល​មនុស្ស​ណា​ដែល​ខ្វះ​ធាតុ​ដី ។ ជំនា​ន់នោះ​បើ​មនុស្សណា​ខ្វះ​ធាតុ​នេះហើយ គេ​ត្រូវតែ​បញ្ជូន​មនុស្ស​នោះ​ដើម្បី​មក​ព្យាបាល​ ដោយ​អង្គុយ​សំពះ​នៅខាងក្រោម​មាត់​ព្រះ​វិស្ណុ ដែល​មាន​ក្បាល​ជា​រូប​មនុស្ស ហើយ​ព្រះគ្រូ​ដែល​ព្យាបាល​ត្រូវ​ដងទឹក​ពី​ក្នុង​ស្រះ ​ដែល​ជា​ទឹក​ថ្នាំ​ដ៏​ស័ក្តិសិទ្ធិ​ចាក់​ពីលើ​,​ ទឹក​នោះ​ហូរ​ចូល​តាម​មាត់​ព្រះ​វិស្ណុ​ ធ្លាក់​មកស្រោច​លើ​ក្បាល​អ្នកជំងឺ ពេល​នោះ​អ្នកជំងឺ​នឹង​ជាសះស្បើយ​, មាន​ធាតុដី​នេះ​ឡើង​វិញ ។​ 
​ 
​ទិស​ខាងលិច​នៃ​ប្រាសាទ​តំណាងឱ្យ​ក្បាល​សេះ សម្រាប់​ព្យាបាល​ឱ្យ​មនុស្ស​លោក​ដែល​ខ្វះ​ធាតុ​ខ្យល់ ​។ បើសិនជា អ្នក​ណា​ត្រូវ​ហោរា​ទាយ​ដឹង​ថា​ ខ្វះ​ធាតុ​ខ្យល់ អ្នក​នោះ​ត្រូវតែ​មក​ព្យាបាល​នៅ​ប្រាសាទ​នេះ ដោយ​ឱ្យ​អង្គុយនៅ​ពីក្រោម​មាត់​សេះ​ហើយ​លើក​ដៃ​ទាំង​ពីរ​សំពះ​ឡើងលើ ហើយ​ព្រះគ្រូ​ដែលជា​អ្នក​ព្យាបាល បាន​ដងទឹក​ក្នុង​ស្រះ​ដែល ជា​ទឹក​ថ្នាំ​ខ្មែរ​ដ៏​ស័ក្តិសិទ្ធិ​នោះ​មក​ចាក់​ពីលើ ហើយ​ទឹក​នេះ​ធ្លាក់​ចូល​មក​ក្នុង​មាត់​សេះ​បន្ត​ហូរ​មក​ស្រោច​លើ​ក្បាល​ ខ្លួន ប្រាណ​អ្នកជំងឺ ធ្វើឱ្យ​អ្នកជំងឺ​នឹង​មាន​ធាតុខ្យល់​នេះ​ឡើង​វិញ ។​ 
​ ​ 
ទិស​ខាងត្បូង​នៃ​ប្រាសាទ​សំរាប់​មនុស្ស​ខ្វះ​ធាតុ​ភ្លើង​ ។​ នៅ​ទិសខាងត្បូង​នោះ មាន​រូប​ក្បាល​តោ​សម្រាប់​ព្យាបាល ដោយ​ព្រះគ្រូ​តម្រូវ​ឱ្យ​អ្នកជំងឺ​ដែល​ខ្វះ​ធាតុភ្លើង​អង្គុយ​សំពះ​ នៅក្រោមក្បាល​តោ ដោយ​ព្រះគ្រូ​ចុះ​ដងទឹក​ពី​ក្នុង​ស្រះ​មកចាក់​តាម​ទ​រ ហើយ​ទឹក​ថ្នាំ​នោះ​នឹង​ហូរ​ធ្លាក់​តាម​មាត់​តោ​មក​ស្រោច​លើ​ខ្លួនប្រាណ​ អ្នកជំងឺ ធ្វើឱ្យ​មនុស្ស​ដែល​មាន​អាការៈរោគ​ខ្វះ​ធាតុ​ខាងលើ​នឹង​ត្រូវ​ជា​សះស្បើយ​ ឡើងវិញ ។​ 
​ ​ 
ទី​៤ បើ​មនុស្ស​ណា​ម្នាក់​ត្រូវបាន​ហោរាសាស្ត្រ​ទាយ​ថា​មាន​ខ្វះ​ធាតុទឹក ត្រូវ​បញ្ជូន​មក​ទិស​ខាងជើង ដែល​មាន​រូប​ក្បាលដំរី​ សម្រាប់​ព្យាបាល​ឱ្យ​ជា ដោយ​ព្រះគ្រូ​ព្យាបាល​តម្រូវ​ឱ្យ​អ្នកជំងឺ​មក​អង្គុយ​ក្រោម​ព្រះបាត​ដំរី ហើយ​លើកដៃ​ទាំង​ពីរ​ឡើង​លើ​សំពះ ពេល​នោះ​ព្រះគ្រូ​ចុះ​ទៅ​ដងទឹក​ក្នុង​ស្រះ​នៃ​ប្រាសាទ​ដែល​ជា​ទឹក​ថ្នាំ​ដ៏​ ស័ក្តិសិទ្ធិ​មកចាក់តាម​ទរ ហើយ​បន្ត​ហូរ​ធ្លាក់​តាម​មាត់​ដំរី ស្រោចស្រព​លើ​ខ្លួនប្រាណ​អ្នកជំងឺ​ ធ្វើឱ្យ​អ្នកជំងឺ​មាន​ធាតុទឹក​នេះ​ឡើងវិញ​ភ្លាមៗនាពេល​នោះ​ដែរ ។​ 
​ 
ព្រេង​និទាន​ខ្មែរ​មួយបានចែងថា កាលពីដើម​ឡើយ​នៅ​ក្នុង​ស្រះ​មួយ​ដែល​ស្តេច​ជំនាន់​នោះ​បាន សាងសង់​ប្រាសាទ​ក្នុង​ទឹកស្រះ​នេះ មាន​ប្ញ​ស​ឈើ ប្ញ​សព្រៃ​១.២០០​មុខ​ដែល​ត្រាំ​នៅក្នុង​ស្រះ​នេះ ដោយប្ញស​ឈើ​ទាំង ១.២០០​មុខ​នេះ គឺ​សុទ្ធតែ​ដើម​ថ្នាំ​ទាំង​អស់​សម្រាប់​ព្យាបាល​ដល់​អ្នកជំងឺ​ដែល​ខ្វះ​ធាតុ ​ទាំង​៤ គឺ​ធាតុទឹក​, ធាតុ​ដី​, ធាតុ​ភ្លើង​, ធាតុ​ខ្យល់ ហើយ​ទឹក​ថ្នាំ​ដែល​ត្រាំ​ក្នុង​ស្រះ​គឺជា​វត្ថុ​ដ៏​ស័ក្តិសិទ្ធិ​បំផុត​ សម្រាប់​ព្យាបាល​ដល់​អ្នកជំងឺ ។ 
​ 
ចាស់ៗបាន​និទានតៗគ្នាទៀតថា ទឹកស្រះ ដែលនៅព័ទ្ធជុំវិញ ប្រាសាទនាគព័ន្ធ​នេះ គឺជា​តំណាង​សាគរ​ដ៏​ធំ​ល្វឹងល្វើយ និង តំណាង​ពិភពលោក​ដ៏​ធំ ​ដែល​មាន​មនុស្ស​មួយក្រុម​នា​សម័យ​បុរាណ​មាន​ចំនួន​១២​ នាក់ បាន​ជិះ​សំពៅ​តាម​មហាសមុទ្រ​នេះ ហើយ​ក៏​ប៉ះ​នឹង​ភ្លៀង​ខ្យល់ព្យុះ​ដ៏​ខ្លាំងក្លា បោក​មក​លើ​មនុស្ស​ទាំង​១២​នាក់​នោះ​ឱ្យ​លិច​កណ្តាល​សមុទ្រ ពេលនោះ​មាន​យក្ខិនី​មួយ​ដ៏​ធំ បាន​ប្រែកាឡា​ជា​មនុស្ស​លោក​ហើយ​ជួយ​សង្គ្រោះ​អ្នក​ដែល​រងគ្រោះ​ដោយ​ ខ្យល់ព្យុះ​នេះ មក​ដាក់​លើ​កោះ​មួយ ដើម្បី​ចិញ្ចឹម​បីបាច់​ថែរក្សា​ក្នុង​គោលបំណង​ទុក​ធ្វើ​ជា​ចំណីអាហារ ។​ ក្រោយ​ពី​មនុស្ស​១២​នាក់​នោះ ​រស់នៅ​លើ​កោះ ព្រះ​លោកេស្វរៈ​បាន​មក​ពន្យល់​សុបិន្ត​ដល់​មនុស្ស​១២​នាក់​នេះ ដោយ​និយាយថា អ្នកឯង​ទាំងអស់គ្នា​នេះ​កំពុងតែ​ចាញ់បោក​គេ​ហើយ ស្រី​ម្នាក់​ដែល​កំពុង​ចិញ្ចឹម​បីបាច់​ថែរក្សា​ឯង​នេះ​គឺជា​យក្ខិនី គឺ​ចិញ្ចឹម​ពួក​ឯង​សម្រាប់​ជា​ចំណី​អាហារ ។ តែបើ​ពួក​ឯង​ចង់​រត់​ចេញពី​កោះ​នេះ យើង​នឹង​ប្រែកាឡា​ជាសេះ​ចុះមក​ធ្វើឱ្យ​ពួក​ឯង​១២​នាក់​តោង​កន្ទុយ​ហើយ​ហោះ​ ចេញពី​កោះ​នេះ ដើម្បី​គេច​ចេញពី​ចំណី​យក្ស ។ ​ពេល​នោះ​ដែរ​ ក្រុម​មនុស្ស​ទាំង​១២​នាក់​ដែល​នៅលើ​កោះ ក៏​បាន​យល់ព្រម​ឱ្យ​លោកេស្វរៈ​ប្រែកាឡា​ហើយ​នាំ​ពួកគេ​ចេញ​ពី​ទី​កោះ។ ដូច្នេះហើយបានជាគេកសាងរូបសេះសមួយដ៏ធំមួយ នៅក្នុងស្រះពីខាងកើតប្រាសាទនាគព័ន្ធ​ នេះ ទុក​ដើម្បី​ឧទ្ទិស​ដល់​សត្វ​សេះស​ខាងលើ ។​ 
​ 
​ប្រាសាទ​នាគព័ន្ធ ត្រូវបាន​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ ទ្រង់​កសាង​នៅ​កណ្តាល​សតវត្សរ៍​ទី​១៨​នៃ​ ពុទ្ធសករាជ​(​ព​.​ស​១៧២៤-១៧៤៤)​ ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​ពោធិសត្វ​លោកេស្វរៈ ។ រឿងព្រេង​និទាន​ខាងលើនេះ គ្រាន់តែ​ជា​រឿងនិទាន​ខ្មែរ​យើង ជំនាន់​មុន​និយាយ​តៗ​គ្នា​តែ​ប៉ុណ្ណោះ​ ៕

 




អត្ថបទទាក់ទង៖