ក្រោយប្រកួតManny Pacquiao ចាញ់ក្រោមថ្វីដៃ Jeff Hornហើយ

ទីបំផុត កីឡាករសញ្ជាតិអូស្ត្រាលី Jeff Horn ដណ្តើមបានខ្សែក្រវាត់ WBO world welterweight ពីស្តេចប្រដាល់ហ្វ៊ីលីពីន Manny Pacquiaoបានសម្រេចទាំងត្រដាបត្រដួសក្រោយប្រកួតអស់១២ទឹកក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ក្នុងសង្វៀន Suncorp ជាង៥ម៉ឺននាក់ កាលពីព្រឹកថ្ងៃទី២ កក្កដា ម្សិលមិញនេះ ។
ជ័យជម្នះជាឯកច្ឆ័ន្ទក្នុងពិន្ទុ១១៧-១១១,១១៥-១១៣ និង១១៥-១១៣ធ្វើឱ្យ Jeff Horn ដែលជាអតីតគ្រូបង្រៀនមួយរូប ក្លាយជាកីឡាករអូស្ត្រាលីដំបូងដែលបានយកឈ្នះអ្នកលេងកណ្តាប់ដៃឆ្វេង Pacquiao នៅលើទឹកដីកំណើតរបស់ខ្លួន ។ បើទោះជាបាត់បង់ខ្សែក្រវាត់ក្តី ក៏ Pacquiao ទទួលបានទឹកប្រាក់ចំនួន១០លានដុល្លារផងដែរ ខណៈ Jeff Horn បានត្រឹមតែ៥០ម៉ឺនដុល្លារប៉ុណ្ណោះ ។

កំណត់ត្រាមិនដែលចាញ់របស់ Jeff Horn បានកើនដល់១៨ប្រកួត ក្នុងនោះឈ្នះ១៧ដង (ផ្តួលគូប្រកួតឱ្យសន្លប់១១ដង) និងស្មើ១ដង ។ ក្រោយចប់ការប្រកួត កីឡាករវ័យ២៩ឆ្នាំរូបនេះបានប្រកាសថា រូបលោកនឹងព្រមទទួលសំណើសកសឹងពីស្តេចប្រដាល់ហ្វ៊ីលីពីន Pacquiao ហើយថែមទាំងលើកឡើងថា ចង់ប្រកួតជាមួយ Floyd Mayweather ទៀតផង ៕