សម្តេចតេជោ ហ៊ុន សែន ចេញបញ្ជាឲ្យមន្រ្តីដើរចែកអង្ករតាមផ្ទះ សម្រាប់ពលរដ្ឋខ្វះខាត ខណៈកូវីត១៩កំពុងរាតត្បាត
ព័ត៌មាន
9.06K

​ភ្នំពេញ​ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបញ្ជារឲ្យមន្ត្រីរាជធានីខេត្ត ត្រូវនាំគ្នាដើរចែកអង្ករ ត្រីខ ក្រម៉ា ឬក៏ម៉ាស់ ដល់តាមផ្ទះ របស់ប្រជាពលរដ្ឋដែលខ្វះខាត ខណៈកូវីត១៩កំពុងរាតត្បាត ។

ក្នុងនោះ សម្តេច ក៏បានបញ្ជាឲ្យមន្ត្រីនៅខេត្តកណ្តាល ដែលមាន​ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​ប្រធាន​ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកណ្តាល ត្រូវ​ចាប់​ផ្តើមធ្វើ​មុនគេ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសដែលសម្តេច បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រមាណជា ៤០០នាក់ មុននឹងពួកគេចេញបេសកកម្មជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ដើម្បីផ្តល់ដំបូន្មាន និងកម្លាំងចិត្តដល់ក្រុមគ្រូពេទ្យ ដែលបានស្ម័គ្រចិត្តធ្វើដំណើរចាកចេញពីក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ ប្រឈមនឹងជំងឺគេខ្លាចរអា ដើម្បីសង្គ្រោះជីវិតមនុស្ស ។

ខណៈដែលជាក់ស្តែងនៅព្រឹកថ្ងៃទី២៦ ខែមីនា​ឆ្នាំ២០២០នេះ គេសង្កេតឃើញ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលជួយស្រុកលើកដែក ខេត្តកណ្តាល បាននាំយកអំណោយរបស់លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភា រួមមានក្រមា ១៣០០ និងម៉ាស១៥០០ ជូនមន្ត្រីជួរមុខក្នុងការប្រយុទ្ធនឹងជំងឺកូវីត១៩ ក្នុងនោះមានផ្តល់ថវិកាចំនួន៦លានរៀលផងដែរ។