មិនគិតធ្វើអីនៅតែផ្ទះឈ្លោះជាមួយប្អូនដល់ពេលឪពុកទៅសួរនាំស្តីបន្ទោសតិចតួចសោះ បែរជាដាល់ឪពុកជាំភ្នែក ថែមទាំងទាញកាំបិតនិងកណ្ឌៀវដេញកាប់ផ្អើលពេញភូមិ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ
ព័ត៌មាន
1.27K

កណ្ដាល៖ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះក្រោយដាល់ឪពុកជាំភ្នែក ថែមទាំងទាញកាំបិតនិងកណ្ឌៀវដេញកាប់ផ្អើលពេញភូមិ ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៥ ខែ មីនា ឆ្នាំ ២០២០ វេលាម៉ោង ១៥និង៣០នាទី ស្ថិតនៅចំណុច ផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកឫស្សី ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល។ 

ជនរងគ្រោះ០១នាក់(ត្រូវជាឪពុកបង្កើត)ឈ្មោះ ស្តើង ធូ ភេទប្រុស អាយុ ៥៩ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិព្រែកឫស្សី ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល  រងរបួសភ្នែកខាងស្តាំ រីឯជនសង្ស័យឈ្មោះ ធូ សីហា ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរកសិករ មានទីលំនៅផ្ទះជាមួយជនរងគ្រោះ ភូមិព្រែកឫស្សី (ឃាត់ខ្លួន) ។ 

វត្ថុតាងចាប់យករួមមាន៖១/កាំបិតផ្កាក់ផ្លែដែក ដងធ្វើពីឫស្សីចំនួន០១ ២/កណ្តៀវផ្លែដែក ដងធ្វើពីដែកចំនួន០១។ 

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកើតហេតុ វេលាម៉ោង១៥.០០នាទីល្ងាច ថ្ងៃទី២៥ ខែ មីនាឆ្នាំ២០២០ជនរងគ្រោះ បានដើរចេញពីផ្ទះ ទៅអង្គុយលេងនៅផ្ទះឈ្មោះ វ៉ាន់នី សុីយាង លុះពេលអង្គុយបានប្រហែលជាង២០នាទី ស្រាប់តែក្រឡេកមកផ្ទះឃើញជនសង្ស័យ ធូ សីហានិងឈ្មោះ ធូ ស្រីវីនកូន របស់ជនរងគ្រោះទាំងពីរនាក់ បានឈ្លោះប្រកែកគ្នាឃើញដូចនេះជនរងគ្រោះក៏ដើរទៅផ្ទះហើយសួរទៅជនសង្ស័យនិងឈ្មោះ ធូ ស្រីវីនថា មានរឿងអីបានឈ្លោះប្រកែកគ្នាបែបនេះ ពេលនោះឈ្មោះ ធូ ស្រីវីន បានឆ្លើយថាបងសីហាគាត់មើលទូរទស្សន៍ តាំងពីព្រឹករហូតទល់ល្ងាចហើយបើកសម្លេងឮៗទៀតហើយខ្ញុំប្រាប់អោយគាត់បិទគាត់ខឹងខ្ញុំគាត់បោកឌុយទូរទស្សន៍ខ្ទិចខ្ទីអស់រលីង ពេលស្តាប់កូនស្រី និយាយរួចជនរងគ្រោះបាន ស្តីបន្ទោសទៅជនសង្ស័យ ថាឯងចេះតែយ៉ាងមុិចក្នុងខ្លួនបានជាបំផ្លាញរបោះរបរក្នុងផ្ទះ ហើយឈ្លោះគ្នាតែបងប្អូនឯងអីចឹង ។ នៅពេលនោះជនសង្ស័យមិននិយាយតបទៅឪពុកវិញទេ បានដើរចេញទៅក្រៅវិញបាត់ទៅ។ លុះពេលកើតតហេតុ នៅវេលាម៉ោង១៥.៣០នាទី ជនសង្ស័យបានត្រឡប់មកពីជើងមកផ្ទះវិញ ក៏ដើរមកវាយជនរងគ្រោះជាឪពុកមួយដៃចំភ្នែកខាងស្តាំបណ្តាលអោយរងរបួសជាំភ្នែក ភ្លាមៗនោះជនសង្ស័យក៏បានទាញកាំបិតនិងកណ្ឌៀវដេញកាប់និងដេញកាប់ប្អូនស្រីឈ្មោះធូ ស្រីវិនម្នាក់ទៀត ប៉ុន្តែបានអ្នកជិតខាងជួយឃាត់ទើបផ្អាកសកម្មភាព។ 

បច្ចុប្បន្នសមត្ថកិច្ចប៉ុស្តិ៍កំពង់កុងបាននាំខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការការតាមនីតិវិធី ៕