កូវីដ-១៩៖ មួយថ្ងៃ ស្លាប់​ជាង​២០០​នាក់​នៅ​អាមេរិក​ ជា​តួលេខ​ខ្ពស់បំផុត​​
ព័ត៌មានអន្តរជាតិ
231

បរទេស៖ សារព័ត៌មាន CNN ​បានចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា ករណី​ស្លាប់​ជាង​២០០​នាក់​ដោយសារ​ជំងឺ​ផ្លូវដង្ហើម COVID-19 ត្រូវបាន​រាយការណ៍​កា​ល​ពីថ្ងៃ​ពុធ ២៥ ខែមីនា ក្នុង​សហរដ្ឋអាមេរិក​ ហើយនេះ​គឺជា​តួលេខ​ស្លាប់​ខ្ពស់បំផុត​ដែល​បាន​រកឃើញ​ក្នុងពេល​ត្រឹម​មួយថ្ងៃ​។

​មន្ត្រី​អាមេរិក បាន​រាយការណ៍​ពី​ករណី​ស្លាប់​ដោយសារ​ជំងឺ COVID-19 ចំនួន ២១៦​នាក់ កាលពី​ថ្ងៃ​ពុធ​។ ការ​ហក់​ឡើង​នេះ បានធ្វើ​ឲ្យ​តួលេខ​ស្លាប់​សរុប​ដោយសារ​វីរុស​នេះ​ឈានដល់​យ៉ាងតិច​៩២១​នាក់​ហើយ ចាប់តាំងពី​វីរុស​នេះ​បាន​រីក​រាលដាល​ដល់​សហរ​ដ្ឋ​អា​មេ​រិ​កាលពី​ចុងខែ​មករា​មក​។

​ដោយឡែក មនុស្ស​ជាង ៦៥០០០​នាក់​ក្នុង​សហរដ្ឋអាមេរិក មាន​លទ្ធផល​តេស្ត​វិជ្ជមាន​សម្រាប់​ជំងឺ COVID-19 ដែល​ផ្ទុះឡើង​ដំបូង​ក្នុងប្រទេស​ចិន កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៩​។ ករណី​ជាសះស្បើយ​ពី​ជំងឺ​COVID-19 ក្នុង​សហរដ្ឋអាមេរិក មាន ៣៩៤​នាក់ គិត​ត្រឹម​ថ្ងៃ​២៦ ខែមីនា​។

​បើតាម​ប្រភពពី​សាកលវិទ្យាល័យ John Hopkins ទីក្រុង​ញូវយ៉ក រងគ្រោះ​ជាងគេ​បំផុត​ពី COVID-19 ខណៈ​មាន​អ្នក​ឆ្លង​ជាង​៣​ម៉ឺន​នាក់ និង​ស្លាប់ ២៨៥​នាក់​។ រដ្ឋ New Jersey ឈរ​នៅ​លេខ​រៀង​បន្ទាប់​ជាមួយ​អ្នក​ឆ្លង ៤៤០២​នាក់ ខណៈ​អ្នកស្លាប់ ៦២​នាក់​។ រដ្ឋ កាលីហ្វ័រ​នីញ៉ា មាន​អ្នក​ឆ្លង ២៩៩៨​នាក់ ខណៈ​អ្នក​ស្លាប់មាន ៦៥​នាក់​។ នេះ​បើតាម​តួលេខ​គិត​ត្រឹម​ថ្ងៃ​ពុធ ២៥ ខែមីនា​៕