Messi និង Pep បរិច្ចាគម្នាក់​១,៤​លាន​ដុល្លារ​ ​ដើម្បី​​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុសកូវីដ-១៩

បរទេស៖ សារព័ត៌មាន Thesun បានចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០បានឲ្យដឹងថា ប្រយុទ្ធ​ក្រុម Barcelona កីឡាករ Lionel Messi និង​អ្នក​ចាត់​ការ​ក្រុម Manchester City លោក Pep Guardiola បាន​បរិច្ចាគ​ប្រាក់​ក្នុងម្នាក់ចំនួន​មួយ​លាន​អឺរ៉ូ (១,៤ លាន​ដុល្លារ​អាមេរិក) សម្រាប់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​កូវីដ១៩។

ការ​បរិច្ចាគ​របស់​កីឡាករ Messi អន្តរជាតិ​អាហ្សង់ទីន​រូបនេះ នឹង​ត្រូវ​បាន​បែងចែក​រវាង​មន្ទីរពេទ្យ​នៅ​ទី​ក្រុង​បាសេឡូណា​និង​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​មួយ​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​កំណើត​របស់​លោក ​នេះ​បើ​យោង​តាម​របាយការណ៍​ក្នុង​ទី​ក្រុង Marca បាន​បញ្ជាក់​ប្រាប់។

គ្លីនិក​នៅ​មន្ទីរពេទ្យ​ក៏​បាន​សរសេរ​នៅ​លើ Twitter ថា«Leo Messi បាន​ធ្វើការ​បរិច្ចាគ​ទៅ​គ្លីនិក​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​នេះ អរគុណ​ណាស់​ លោក Leo ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​និង​ការ​គាំទ្រ​របស់​អ្នក»។

ស្រដៀងគ្នានេះដែរ អតីត​កីឡាករ​និង​អ្នក​ចាត់ការ​ក្លឹប Barcelona លោក Guardiola ក៏បាន​ចូលរួម​វិភាគ​ទាន​ក្នុង​យុទ្ធនា​ការ​ដែល​បង្កើត​ដោយ​មូលនិធិ Angel Soler Daniel នៃ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​នៃ​ទី​ក្រុង​ បាសេឡូណា ផងដែរ។

សេចក្ដី​ថ្លែងការណ៍​មួយ​ពី​មហាវិទ្យាល័យ​បាន​និយាយ​ថា«លោក Pep Guardiola បាន​ធ្វើការ​បរិច្ចាគ​ទឹកប្រាក់​ចំនួន​មួយ​លាន​អឺរ៉ូ​ដល់​មូល​និធិ Angel Soler Daniel សម្រាប់​ការ​ទិញ​និង​ផ្គត់ផ្គង់​ឧបករណ៍​សុខភាព ​ដើម្បី​ដោះស្រាយ​ជាមួយ​នឹង​រោគ​រាតត្បាត Covid-19»។

យុទ្ធនា​ការ​បរិច្ចាគ​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​មហា​វិទ្យាល័យ​វេជ្ជសាស្ត្រ​នៃ​ទី​ក្រុង​បាសេឡូណា​ និង​គ្រប់គ្រង​តាម​រយៈ​មូល​និធិ Angel Soler Daniel មាន​គោល​បំណង​ប្រមូល​សម្ភារៈ​វេជ្ជសាស្ត្រ​ និង​ការ​បរិច្ចាគ​ហិរញ្ញវត្ថុ​ពី​ក្រុម​គ្រូពេទ្យ រួមទាំង​ប្រជាជន​ទូទៅ។ សម្រាប់​ការ​ទិញ​ឧបករណ៍​វេជ្ជសាស្ត្រ​ និង​ឧបករណ៍​ទូទៅ ដែល​បច្ចុប្បន្ន​កំពុង​ខ្វះខាត​នៅ​ក្នុង​មណ្ឌល​សុខភាព​នៅ កាតាឡាន(Catalonia)។ វា​ក៏​នឹង​ជួយ​ផ្ដល់​ហិរញ្ញប្បទាន​ដល់​ការផលិត តាម​រយៈ​ការ​បោះពុម្ពឧបករណ៍​ 3D និង​វិធីសាស្ត្រ​ផ្សេង​ទៀត​នៃ​ឧបករណ៍​ដក​ដង្ហើម​ និង​ឧបករណ៍​ការពារ​ផ្ទាល់​ខ្លួន​សម្រាប់​បុគ្គលិក​ថែទាំ​សុខភាព។

មុន​ពេល​ដែល​លោក Guardiola ធ្វើ​ការ​បរិច្ចាគ​របស់​លោកមកកាន់មហា​វិទ្យាល័យ​វេជ្ជសាស្ត្រ​ យុទ្ធនាការ​នេះក៏​បាន​រៃ​អង្គាស​ប្រាក់​ចំនួន ៣៥ លានដុល្លា ​ក្នុង​រយៈពេល​បី​ថ្ងៃ។

សូម​បញ្ជាក់​ថា​ អេស្ប៉ាញ​គឺ​ជា​ប្រទេស​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​ពី​ជំងឺ​នេះ​ នៅ​អឺរ៉ុប​បន្ទាប់ពីអ៊ីតាលី ​ដោយមាន​អ្នក​ស្លាប់​ចំនួន ២៦៩៦ នាក់​ និង​មាន​ករណី​វិជ្ជមាន​ជិត ៤ម៉ឺនករណី។ ចំណែក​តំបន់ Catalonia ជា​កន្លែង​ដែល​លោក Guardiola មក​ និង​ជា​កន្លែង​ដែល Messi រស់​នៅ​តាំង​ពី​ចូលរួម​ជាមួយ Barca ដែលកាលនោះលោកមាន​អាយុ ១៣ ឆ្នាំ​ ហើយ​ក៏​ជា​ផ្នែក​មួយ​នៃ​ផ្នែក​ដែល​រង​ផល​ប៉ះពាល់​ដ៏​អាក្រក់​បំផុត​ក្នុង​ប្រទេស ៕

ប្រភព៖ Thesun