​ព្រះអង្គម្ចាស់​Charles​នៃប្រទេសវែលរបស់ចក្រភពអង់គ្លេស ឆ្លងជំងឺកូវីដ-១៩
ព័ត៌មានអន្តរជាតិ
463

បរទេស៖ សារព័ត៌មាន CNN បានចេញផ្សាយ​នាល្ងាចថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០នេះថា ព្រះអង្គម្ចាស់ ឆាល (Charles) នៃប្រទេសវែលស្ថិតក្នុងចក្រភពអង់គ្លេស ដែលមានជន្មាយុ ៧១ព្រះវស្សាត្រូវបានធ្វើតេស្ត «វិជ្ជមាន» ចំពោះវីរុសកូរ៉ូណាថ្មី (COVID-19)។ ​

ព្រះអង្គម្ចាស់ Charles ដែលជាអតីតព្រះស្វាមីនៃម្ចាស់ក្សត្រី ដាយអាណា បច្ចុប្បន្នមានព្រះរាជសុខភាពល្អជាធម្មតា ខណៈក្រុមគ្រូពេទ្យក៏បានធ្វើតេស្តរក COVID-19 លើមហេសីបច្ចុប្បន្នរបស់ទ្រង់រួចហើយដែរ ដោយចេញលទ្ធផល «អវិជ្ជមាន»។

អ្នកនាំពាក្យនៃព្រះរាជវាំងវែលបានឲ្យដឹងថា «ព្រះអង្គម្ចាស់ Charles បានបង្ហាញរោគសញ្ញាក្នុងកម្រិលស្រាលប៉ុណ្ណោះ ហើយនិយាយជារួមគឺទ្រង់មានព្រះរាជសុខភាពល្អធម្មតា និងបានបំពេញរាជកិច្ចពីក្នុង រាជតំណាក់ប៉ុន្មានថ្ងៃមកហើយ»។ អ្នកនាំពាក្យបានបន្តទៀតថា ព្រះអង្គម្ចាស់ Charles ប្រហែលជាបានឆ្លងរោគ COVID-19 នៅកំឡុងពេលទ្រង់ចុះបំពេញរាជកិច្ច ជាសាធារណៈជាច្រើនលើក នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

គួរបញ្ជាក់ថា ព្រះអង្គម្ចាស់ Charles គឺជារាជទាយាទនៃចក្រភពអង់គ្លេស (បុត្រាចម្បងនៃម្ចាស់ក្សត្រី អេលីហ្សាប៊ែតទី២) ដែលត្រូវបានតែងតាំងឲ្យធ្វើជា ព្រះអង្គម្ចាស់ប្រចាំនៅប្រទេសវែល ដែលជាចំណុះនៃចក្រភពអង់គ្លេស។ ចក្រភពអង់គ្លេសមានប្រទេសចំណុះសរុបចំនួន០៤ គឺអង់គ្លេស ស្កុតឡេន អៀរឡង់ និងវែល៕

ប្រភព៖ CNN