សម្ដេចតេជោ ហ៊ុន សែន ពិចារណាទូលថ្វាយព្រះមហាក្សត្រ ដាក់ប្រទេសកម្ពុជាក្នុងគ្រាមានអាសន្ន បើ​ការទប់ស្កាត់​កូ​វីដ​១៩ គ្មាន​ប្រសិទ្ធភាព​!
ព័ត៌មាន
36.2K

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា សម្ដេចកំពុងពិចារណា ក្នុងការទូលថ្វាយសូមព្រះរាជានុញ្ញាត ព្រះមហាក្សត្រកម្ពុជា ដាក់ប្រទេសកម្ពុជាក្នុងគ្រាមានអាសន្ន ខណៈដែលជំងឺកូវីដ១៩ កំពុងរីករាលដាលកាន់តែច្រើន បើ​ការទប់ស្កាត់​កូ​វីដ​១៩ គ្មាន​ប្រសិទ្ធភាព​។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសដែលសម្តេច បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រមាណជា ៤០០នាក់ មុននឹងពួកគេចេញបេសកកម្មជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ ។

ពិធីជំនួបសំណេះសំណាល របស់សម្តេចតេជោ ហ៊ុន សែន ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៅថ្ងៃនេះ គឺជាការផ្តល់ដំបូន្មាន និងកម្លាំងចិត្តដល់ក្រុមគ្រូពេទ្យ ដែលបានស្ម័គ្រចិត្តធ្វើដំណើរចាកចេញពីក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ ប្រឈមនឹងជំងឺគេខ្លាចរអា ដើម្បីសង្គ្រោះជីវិតមនុស្ស ៕