នាយករដ្ឋមន្ត្រីឥណ្ឌា ប្រកាស​បិទប្រទេសទាំងមូល​ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ​-១៩
ព័ត៌មានអន្តរជាតិ
524

បរទេស៖ សារព័ត៌មាន CNN បានចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នេះថា ចុងក្រោយនេះ ​តាមបន្តពីលំនាំ​អង់គ្លេស ប្រទេសដែលមានប្រជាជនច្រើនបំផុតទី ២ លើពិភពលោកបានសម្រេចចិត្តចាក់សោរប្រទេស​៣សប្តាហ៍​ក្រោយការឆ្លង​យ៉ាងល្វីងមុខនៃ​កូវីដ១៩។

លោកនាយករដ្ឋមន្រ្តី ណារិន ដ្រាម៉ូឌី បានបញ្ជាឱ្យបិទប្រទេសឥណ្ឌារយៈពេល ២១ ថ្ងៃហើយ​មាន​សុពលភាព​លើពលរដ្ឋទំាង ១,៣ ពាន់លាននាក់។

ព្រោះ​តែ​ក្រុមអ្នកស្រាវជ្រាវផ្នែកសុខភាពបានព្រមានថា ប្រជាជនឥណ្ឌាជាងមួយលាននាក់ អាចនឹង​ឆ្លងវីរុសកូវីដនេះនៅត្រឹមពាក់កណ្តាលខែឧសភា ដែលការព្យាករណ៍នេះ​ជំរុញឱ្យរដ្ឋាភិបាល សម្រេច​ប្រើកណ្តាប់ដៃ បិទផ្លូវអាកាសទាំងអស់ និងគ្រប់ការធ្វើដំណើរ អាជីវកម្ម និងសាលារៀនតែម្តង។

ជាផ្នែកនៃវិធានការណ៍នេះ គ្មានជនជាតិឥណ្ឌាណាម្នាក់នឹងត្រូវបានអនុញ្ញាតឱ្យចាកចេញពីផ្ទះរបស់ពួកគេក្នុងរយៈពេល ៣ សប្តាហ៍ដែលចូលជាធរមាន​កាលពី​ពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារយប់មិញ។

លោកម៉ូឌីបាននិយាយថា«មធ្យោបាយតែមួយគត់ដើម្បីជួយសង្គ្រោះខ្លួនយើងពីមេរោគឆ្លងគឺមិនចាកចេញពីផ្ទះ ទោះមានអ្វីកើតឡើងក៏ដោយ គ្រប់គ្នា​ត្រូវ​នៅតែនៅផ្ទះ» ។

លោកបានហៅបទបញ្ជានេះថា ជាការចាក់សោរសរុប ហើយមិនបានបញ្ជាក់ផងទេថា តើបណ្តា​អ្នកផ្តល់សេវាកម្មណាមួយ អាច​នឹងត្រូវបានលើកលែងឬអត់នោះទេ ប៉ុន្តែបានបន្ថែមថា រាល់ជំហានត្រូវបានអនុវត្តដោយរដ្ឋាភិបាលកណ្តាលនិងរដ្ឋ ដើម្បីធានាដល់ការផ្គត់ផ្គង់ទំនិញចាំបាច់នានា។

វាមិនច្បាស់ទេថា តើ៣ស​ប្តាហ៍នេះ ពួកគេ​នឹង​ឆ្លងកាត់​ដូចម្តេចបាន​បើប្រជាជនឥណ្ឌាប្រហែល ៣០០ លាននាក់ ដែលយោងទៅតាមទិន្នន័យផ្លូវការគឺ កំពុង​រស់នៅក្រោមបន្ទាត់នៃភាពក្រីក្ររកបានតែមួយពេលៗ ក្នុងមួយថ្ងៃ។

ប្រទេសឥណ្ឌាបានរាយការណ៍ថា មាន ៤៤២ ករណីនៃវីរុសនេះត្រូវបានចម្លង ខណៈដែលមនុស្ស ៩ នាក់ហើយ​ដែល​បានស្លាប់ដោយសារជំងឺ COVID-១៩ ។

រហូតមកដល់ពេលនេះកូវីដ ពិតជា​បានជះឥទ្ធិពលដំណំ ដល់វិស័យផលិតកម្ម និងការនាំចេញទំាង​អស់របស់ឥណ្ឌា ជាពិសេសថ្នាំពេទ្យ គ្រឿងអេឡិចត្រូនិច វាយនភ័ណ្ឌនិងសារធាតុគីមី។ រដ្ឋាភិបាលបាននិយាយថា ខ្លួនកំពុងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារឧស្សាហកម្មឥណ្ឌា ពីការគំរាមកំហែង ជាពិសេសនៅក្នុងតំបន់ទំនិញមធ្យម ដែលពាណិជ្ជកម្មទ្វេភាគីមានតម្លៃ ៣០ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ៕

ប្រភព៖ CNN