ក្រោយមានការចោទប្រកាន់ ពេលនេះ តារាចម្រៀងលោក ព្រាប សុវត្ថិ និងតំណាងពលរដ្ឋ៧០គ្រួសារ តទល់គ្នាមុខអាជ្ញាធរហើយ បញ្ចប់បាន៣ចំណុច
កម្សាន្ត
783

ភ្នំពេញ៖ បន្ទាប់ពីកើតរឿងក្តៅៗកក្រើកពេញបណ្តាញសង្គម ទៅលើបញ្ហាពលរដ្ឋ៧០គ្រួសារ ចោទប្រកាន់ទៅលើលោកព្រាប សុវត្ថិ ចំនួន៤ចំណុច នោះ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី៦​ ខែមីនា​ ឆ្នាំ២០២០​នេះ តារាចម្រៀងលោក​ ព្រាប​ សុវត្ថិ បានចេញមុខធ្វើការបកស្រាយ ឲ្យមហាជនបានដឹងអំពីបញ្ហាដែលប្រជាពលរដ្ឋ៧០គ្រួសារ ផ្ទុះការមិនពេញចិត្តមកលើលោក ទៅលើបញ្ហា ចំនួន៤ចំណុច រួមមានដូចជា៖

១. ឈប់ ឲ្យគាត់ធ្វើរបងបំពានលើផ្លូវ​សាធារណៈ​

២​.ឈប់ ធ្វើរោងឈើបិទផ្លូវ​

៣​.ឈប់ចតរថយន្ត​ បិទផ្លូវ​ គ្មានសណ្តាប់ធ្នាប់

៤​.ឈប់ រោទិ៍សំឡេងរថយន្តលាន់ខ្លាំងដេកពួនមិនបាន

ពាក់ព័ន្ធបញ្ហានេះ តារាចម្រៀង លោក ព្រាប សុវត្ថិ បានចេញមុខធ្វើការសូមទោសបងប្អូនប្រជាពលរដ្ឋ ផងដែរចំពោះបញ្ហាបង្ករសំឡេងរំខាន និងការចតរថយន្តលើផ្លូវសាធារណៈ លោកថាលោកនឹងកែប្រែឡើងវិញ ព្រោះធម្មតាការរស់នៅជាមួយគ្នាតែងតែមានការប៉ះទង្គិចគ្នាតិចតួច តែមិនមែនជាបញ្ហាចោទអ្វីនោះទេ ចំណុចនេះលោកអាចកែប្រែជូនបងប្អូនប្រជាពលរដ្ឋយ៉ាងរីករាយ ។ ចំណែករឿងសង់រោងឈើបិទផ្លូវ លោកថា ប្រហែលជាកំហុសរបស់ជាងដែលសាងសង់បិទផ្លូវបែបទាំង បូករួមទាំងលោកមិនសូវបានមកពិនិត្យមើល ម្យ៉ាងទៀតលោក គ្រាន់តែសង់បណ្តោះអាសន្នមួយរយៈតែប៉ុណ្ណោះ ដោយបានសុំការអនុញ្ញាតពីអាជ្ញាធររួចរាល់ហើយ ម្យ៉ាងទីនេះដំបូងឡើងជាស្រះចិញ្ចឹមត្រីតែប៉ុណ្ណោះ តែលោកបានចាក់ដីអស់ជាច្រើនឡានដើម្បីអោយក្លាយទៅជាផ្លូវ បើជាការសូមណូមពរដល់បងប្អូនប្រជាពលរដ្ឋអោយរើចេញ លោកនឹងកែប្រែជូន ។

ដោយឡែកនៅរឿងមួយចំណុចទៀត គឺរឿង សង់របងដែលពលរដ្ឋអះអាងថាបានសង់ចូលដីសាធារណៈនោះ លោកនិងពលរដ្ឋកំពុងដោះស្រាយចំពោះចំណុចនេះនៅមុខអាជ្ញាធរ ថាតើការពិតជាយ៉ាងណា ដោយរង់ចាំការវាស់វែងពីអាជ្ញាធរជំនាញផងដែរ។

សូមរំលឹកផងដែរថា មានការភ្ញាក់ផ្អើលក្នុងបណ្តាញសង្គម ខណៈដែលប្រជាពលរដ្ឋជាង៧០គ្រួសារ ដែលរស់នៅជុំវិញផ្ទះរបស់កំពូលតារាចម្រៀងប្រចាំផលិតកម្ម រស្មីហង្សមាស លោក ព្រាប សុវត្ថិ បានផ្ទុះការតវ៉ាសុំឲ្យអាជ្ញាធរជួយដោះស្រាយលក្ខខណ្ឌចំនួន៤ចំណុច ដែលផ្ទះរបស់លោក ព្រាប សុវត្ថិ តែងតែរំខានមកលើពួកគាត់ជាប្រជាពលរដ្ឋ ។

ការតវ៉ានេះ​គឺធ្វើឡើងនៅវេលាម៉ោងប្រមាណ១និង៣០នាទីរសៀល ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ ផ្លូវលំ ក្រុម៣ ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សរុបជាលទ្ធផល ការតទល់មុខគ្នានៅចំណុចមុខអាជ្ញាធររវាងភាគីទាំងសងខាង គឺលោកព្រាប សុវត្ថិ និងប្រជាពលរដ្ឋ ពេលនេះបានដោះស្រាយរួចរាល់៣ចំណុចហើយ នៅតែ១ចំណុចតែប៉ុណ្ណោះ ៕