នោះ!! ​Ronaldo ​ស្ថិត​ក្នុង​​ក្រុមកីឡាករ Juventus ​ដែល​គ្រូ​ពេទ្យ​តាម​ដាន​វីរុសកូរ៉ូណា​

បរទេស៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានThe Sun នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា ​​សមាជិក​កីឡាករ​របស់​ក្រុម Juventus ​ទាំង​អស់ ​កំពុង​ស្ថិត​ក្នុង​ការ​តាមដាន​របស់​ក្រុម​គ្រូ​ពេទ្យ ​និង​មិន​ឱ្យ​បន្ដ​ការ​ហ្វឹកហាត់​ទៀត​នោះ​ទេ ​ក្រោយ​ពី​មាន​កីឡាករ​នៅ​អ៊ីតាលី​ឆ្លង​មេរោគ Corona ​។

​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ មាន​ដំណឹង​ថា​កីឡាករ​របស់​ក្រុម ព្យានេសេ (Pianese) ​បាន​ឆ្លង​មេរោគ Corona ​នឹង​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ។ ​ក្រុម​លីគ​ក្រោម​មួយ​​នេះ ​ក៏​ធ្លាប់​លេង​ជាមួយ​ក្រុម U23 ​របស់​ក្រុម Juventus ​ផង​ដែរ ​ហើយ​ក្រុម U23 ​នេះ ​មាន​សមាជិក​មួយ​ចំនួន​ត្រូវ​ហាត់​ជាមួយ​ក្រុម​ឈុត​ធំ​របស់ Juventus ​និង Cristiano Ronaldo ​ជា​ប្រចាំ​តែ​ម្ដង។ ​កត្ដា​នេះ​ហើយ ​ទើប​ក្លឹប​សេះ​បង្កង់​បាន​រំសាយ​ការ​ហ្វឹកហាត់​ទាំង​អស់ ​ហើយ​កីឡាករ​ក៏​ត្រូវ​ពិនិត្យ​សុខភាព​ជា​ប្រចាំ​ផង​ដែរ។

​ក្រុម​គ្រូ​ពេទ្យ​របស់​ក្លឹប​បាន​ផ្ញើសារ​ទៅ​គ្រប់​កីឡាករ​ឱ្យ​មាន​ការ​ប្រុងប្រយ័ត្ន ​និង​មាន​សភាព​មិន​ស្រួល​ខ្លួន​ត្រូវ​រាយការណ៍​មក​ភ្លាម។ ​ពួកគេ​តម្រូវ​ឱ្យ​សម្អាត​ដៃ ​និង​ប្រើ​ទឹក​លាង​ដៃ​ឱ្យ​បាន​ញឹកញាប់។ ​ក្លឹប​បាន​ប្រកាស​ទៀត​ថា​ការ​ឆ្លង​មេរោគ Corona ​នេះ ​មិន​មែន​ជា​រឿង​ធម្មតា​នោះ​ទេ ដូច្នេះ​កីឡាករ​ទាំង​ត្រូវ​ប្រយ័ត្ន​ឱ្យ​មែនទែន បើ​ទោះ​ជា​បច្ចុប្បន្ន​ក្នុង​ក្រុម Juventus ​មិន​មាន​អ្នក​ឆ្លង​ក៏​ដោយ។

​​​សមាជិក​ក្រុម U23 ​របស់ Juventus ​ទាំង​អស់​ដែល​បាន​លេង​ជាមួយ​ក្រុម Pianese ​កន្លង​ទៅ ​ពេល​នេះ​តម្រូវ​ឱ្យ​សម្រាក​នៅ​ផ្ទះ​មិន​ឱ្យ​ចាកចេញ​ទៅ​ណា​នោះ​ទេ។ រហូត​ដល់​ថ្ងៃ​ទី​៨​ខាង​មុខ​ ប្រសិន​បើ​​មិនមាន​អ្វី​កើត​ឡើង​ទើប​អាច​ចាកចេញ​ទៅ​ណា​មក​ណា​បាន។ ​នៅ​អ៊ីតាលី​បច្ចុប្បន្ន​ព្រឹត្តិការណ៍​កីឡា​ជា​ច្រើន ​បាន​ផ្អាក​បណ្ដោះអាសន្ន ខណៈ​ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 បានកើនដល់ ៥២នាក់ និងអ្នកឆ្លងសរុប ដែលបានបញ្ជាក់នៅក្នុងប្រទេសអ៊ឺរ៉ុបដែលកំពុងរងផលប៉ះពាល់ ដ៏អាក្រក់បំផុតមួយនេះ បានកើនលើសពី ២,០០០នាក់ហើយ៕