កីឡាករ​៣​រូបរបស់ក្លឹបមួយនៅអ៊ីតាលី បានឆ្លងមេរោគកាចសាហាវ Covid-19

បើយោងតាម​សេចក្តី​ថ្លែងការណ៍របស់ក្លឹប US Pianese នៅក្របខណ្ឌលីគលំដាប់ទី៣ អ៊ីតាលី (Seria C) ក្រៅពីកីឡាករ ៣ នាក់ មន្ត្រីរបស់ក្លឹប​ម្នាក់ ក៏មាន​ឆ្លងមេរោគ Covid-19 ផងដែរ ។

សេចក្តីថ្លែងការណ៍របស់ក្លឹបបាននិយាយថា៖ ​ពេលនេះ អ្នកដែល​ឆ្លងមាន ៤នាក់ ដោយ ៣នាក់ជាកីឡាករ និងម្នាក់គឺជាក្រុមមន្ត្រីរបស់ក្លឹប។ អ្នក​ឆ្លងដំបូង គឺជាកីឡាករវ័យក្មេង ដែលចាប់ផ្តើម​ឡើង​កម្តៅខ្លួន ហើយឈឺក្បាល កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ពេលក្រុម​ទៅលេងក្រៅទឹកដីជាមួយ Alessandria ក្នុងក្របខណ្ឌ Championship ។

កីឡាករទី ២ ដែល​សង្ស័យ​ ត្រូវបាន​ដាក់ឲ្យ​នៅ​ដាច់ដោយឡែកពីគេ ក្នុងផ្ទះរបស់គាត់ ខណៈដែល​មិនមានចេញសញ្ញាអ្វីទេ ហើយ​កីឡាករទី៣ គឺមានអាការៈក្តៅខ្លួន​។ ចំណែក​អ្នកទី៤ គឺបាន​ធ្វើតេស្តចេញសញ្ញាវិជ្ជមាន បន្ទាប់ពីគេបាន​បង្ហាញអាការៈគ្រុនក្តៅខ្លាំងពេលមួយយប់។ គេត្រូវបានបញ្ចូន​តាម​រថយន្តសង្គ្រោះបន្ទាន់ ទៅកាន់មន្ទីរពេទ្យក្នុងទីក្រុង Siena ។ នៅពេលនេះ គ្រប់កីឡាករ បុគ្គលិក​បច្ចេកទេស និង​អ្នក​ចាត់ការទូទៅទាំងអស់ ដែលមានវត្តមាន អំឡុងពេល​ចេញទៅប្រកួតកាលពីសប្តាហ៍មុន​នោះ ត្រូវតែនៅដាច់ដោយឡែកពីគេរយៈពេល ១៥ថ្ងៃ​។

គួរជម្រាបជូនថា អ៊ីតាលី គឺជាប្រទេសមួយនៅទ្វីបអឺរ៉ុបមានការ​ផ្ទុះឡើង​ជាខ្លាំងនូវករណីជម្ងឺឆ្លង Covid-19 ដោយ​ការ​ឆ្លងមានការ​កើន​ឡើង​រាល់ថ្ងៃ រហូតដល់ជិត២ពាន់នាក់ និង​មាន​អ្នក​ស្លាប់ជាបន្ត​បន្ទាប់ ។ ប្រឈមនឹងបញ្ហានេះ អាជ្ញាធរអ៊ីតាលី បានប្រកាស​ឲ្យ​ផ្អាក​រាល់ការប្រមូល​ផ្តុំនានា ហើយ​ក៏​បានផ្អាកផងដែរ ដល់ការប្រកួត​បាល់ទាត់គ្រប់លីគទាំងអស់នៅអ៊ីតាលី ឬ បើមិន​អីញ្ចឹងទេ ឲ្យប្រកួតតែក្នុងលក្ខខណ្ឌបិទទ្វារមិនឲ្យ​អ្នក​គាំទ្រ​ចូលទស្សនា ៕

ប្រភព៖ foxsports