ដុតធូបមូសចោល ឆេះពូក ឆេះផ្ទះយ៉ាងសន្ធោសន្ធៅ ប្រើឡានទឹកអស់៩គ្រឿងទើបរលត់
ព័ត៌មាន
770

ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចរួមទាំងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចុះមកបាញ់ពន្លត់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង២០នាទី​ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ក្រុមទី១១ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនេះ មានឈ្មោះ គង់ សុខលីម ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករផលិតធ្យូង ស្នាក់នៅកន្លែងកើតហេតុ ផ្ទះទំហំ ០៥ម៉ែត្រ គុណ ០៨ ម៉ែត្រ ជាប្រភេទ ផ្ទះសាងសង់ពីឈើលើ ថ្មក្រោម ប្រកស័ង្កសី ខូចខាតទាំងស្រុង។

ភ្លាមៗគេសង្កេតឃើញកងកម្លាំងជាច្រើននាក់ បានចុះមកអន្តរាគមន៍ ដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់សរុប៩គ្រឿង រួមមានដូចជា រថយន្តអគ្គិភ័យ របស់ស្នងការរាជធានីភ្នំពេញចំនួន០៤គ្រឿង , និងរថយន្តពន្លត់អគ្គិភ័យ ក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន០១គ្រឿង ទើបរលត់ទៅវិញជាស្ថាពរ នៅវេលាម៉ោង ៥និង៣០នាទីថ្ងៃដដែល ដោយមិនបានបណ្តាលឲ្យនរណាម្នាក់ មានរបួសឬមានគ្រោះថ្នាក់ដល់ជីវិតនោះទេ ។ ចំណែកមូលហេតុ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា បណ្ដាលមកពីដុតធូបមូស (ឆេះពូក)៕