ក្រសួងសុខាភិបាល ច្រានចោលព័ត៌មានមិនពិត ថាមានមនុស្សស្លាប់ក្នុងផ្សារអូឡាំពិកដោយសារជំងឺកូរ៉ូណាថ្មី (COVID-19)
ព័ត៌មាន
6.2K

ភ្នំពេញ៖ មហាជនមានការជ្រួលច្របល់ ក្រោយមានគណនីFacebook ឈ្មោះ «Sirik Seng» បានបង្ហោះនៅក្នុងបណ្តាញសង្គមថា « មិនដឹងកើតស្អី ក្អកហើយស្លាប់ភ្លាមៗនៅក្នុងផ្សារ (នរណាហ៊ាននិយាយការពិត ប្រយត្ន័ជាប់គុកវើយ ) នៅក្នុងផ្សារអូឡាំពិក មានមនុស្សក្អក ហើយស្លាប់ភ្លាមៗតែត្រូវឡានពេទ្យមកខ្ចប់យកចេញបាត់យ៉ាងឆាប់រហ័ស » ។

ក្រោយមានការបង្ហោះនេះរួចមក លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានធ្វើការបដិសេធច្រានចោល ការប្រឌិតព័ត៌មានរបស់ Facebook មួយឈ្មោះ «Sirik Seng» ខាងលើនេះ ដែលបានបំភ្លៃថា មានជំងឺកូរ៉ូណាថ្មី (COVID-19) បានផ្ទុះឡើងនៅក្នុងផ្សារអូឡាំពិក បណ្តាលឲ្យមានមនុស្សស្លាប់ម្នាក់។

ពាក់ព័ន្ធនឹងការបង្ហោះព័ត៌មានក្លែងក្លាយអំពីជំងឺកូរ៉ូណានេះដែរ ក្រសួងព័ត៌មាន ក៏បានស្នើសុំកិច្ចសហការពីក្រុមហ៊ុន Facebook ដើម្បីបិទ Facebook ទាំងឡាយណាដែលបង្ហោះព័ត៌មានក្លែងក្លាយពីជំងឺនេះ ព្រោះតែការបង្ហោះទាំងនេះ ជាការបង្ហោះមិនពិត បំភ័ន្តនិងបង្កការភ័យខ្លាចដល់សាធារណជនថែមទៀត។ មិ​នតែប៉ុណ្ណោះ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ Facebook ឈ្មោះ «ព័ត៌មានពិត ពីកម្ពុជា» ត្រូវបានក្រុមហ៊ុន Facebook សម្រេចបិទចោល តាមសំណើរបស់ក្រសួងព័ត៌មាន ក្រោយបង្ហោះបំភ្លៃការពិតជាបន្តបន្ទាប់ អំពីជំងឺផ្លូវដង្ហើមកូរ៉ូណាថ្មី ឬ COVID-19 នៅក្នុងប្រទេសកម្ពុជា៕