សមត្ថកិច្ចបង្ក្រាបបានក្រុមចោរ គាស់បន្ទប់ខុនដូរលួចគ្រឿងពេជ្រ យ៉ាងសកម្ម២នាក់
ព័ត៌មាន
972

ភ្នំពេញ៖ ក្រោមការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍​ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងដឹកនាំប្រតិបត្តិការដោយ លោកវរសេនីយឯក ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលមានការសម្របសម្រួលពី តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខណ្ឌចំការមន ខណ្ឌឫស្សីកែវ និងខណ្ឌច្បារអំពៅ បើកប្រតិបត្តិការបង្ក្រាប មុខសញ្ញាគាស់បន្ទប់ខុនដូរបានចំនួន២នាក់ យកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយឃាត់ខ្លួនបាន នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០។

ជនសង្ស័យដែលឃាត់ខ្លួនបាននេះ ទី១៖ឈ្មោះ សៅ សុខុម ហៅអាព្យុះ អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ឃាត់ខ្លួននៅចំណុចមុខរោងចក្របារីសេក ផ្លូវជាតិលេខ២ ភូមិព្រែកតានូ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ និងទី២៖ឈ្មោះ ឈុន ភារៈ ហៅអារក្ស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ នៅចំណុចសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។

ក្នុងនោះសមត្ថកិច្ចធ្វើការដកហូតបានខ្សែកពេជ្រ ០២ខ្សែ, ខ្សែដៃពេជ្រ ០២ខ្សែ, ក្រវិលពេជ្រ ០៣គូរ និងកុំព្យូទ័រ០១គ្រឿង។

ជនសង្ស័យបានសារភាពថា ពិតជាបានលួចគ្រឿងពេជ្រ និងកុំព្យូទ័រ របស់ជនរងគ្រោះពិតប្រាកដមែន ដោយខ្លួនបានលក់គ្រឿងពេជ្រ នៅហាងយីហោសុខគា ស្ថិតក្នុងខណ្ឌច្បារអំពៅ បានលុយ៨,០០០ដុល្លារ និងកុំព្យូទ័រយកទៅបញ្ចាំនៅហាងសេរីម្លិះ ស្ថិតលើផ្លូវរោងកុនលុច ហើយលុយទាំងអស់ បានយកទៅលេងល្បែងបាញ់ត្រីនៅហាងផ្លូវជាតិលេខ២ អស់២,០០០ដុល្លារ សល់ប៉ុន្មានលេងនៅហាងផ្លូវ៦៣អស់។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕