តុលាការចោទប្រកាន់ នាង ថៃ ស្រីនាង ជាផ្លូវការហើយ
ព័ត៌មាន
898

ភ្នំពេញ៖ ក្រោយបញ្ជូនទៅកាន់តុលាការ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បាននិងកំពុងបន្តសាកសួរទៅអ្នកលក់អនឡាញស៊ិចស៊ី វ៉ែន រចនា ហៅ ថៃ ស្រីនាង ដែលផ្គើនបន្តការ Live រូបភាពស៊ិចស៊ីស្ទើរចេញកេរ្តិ៍ភេទដដែល បន្ទាប់ពីសមត្ថកិច្ចហៅមកអប់រំណែនាំ តែមិនស្តាប់ ហើយពេលនេះ តុលាការបានចោទប្រកាន់ នាង វ៉ែន រចនា ហៅ ថៃ ស្រីនាង ជាផ្លូវការហើយ តាមមាត្រា៣៨និងមាត្រា៣៩ កថាខណ្ឌទី៣ ច្បាប់ស្តីពីការធ្វើអាជីវកម្មផ្លូវភេទ និង មាត្រា៤៩ នៃក្រមព្រហ្មទណ្ឌ ដោយពេលនេះ បានបញ្ជូនទៅចៅក្រមស៊ើបសួរ ចាត់ការបន្តតាមនីតិវីធី ។

សូមរំលឹកផងដែរថា ករណីឃាត់ខ្លួនស្ត្រី អ្នកលក់អនឡាញម្នាក់ឈ្មោះថៃ ស្រីនាង កាលពីថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២០ ក្នុងករណីផុសរូបភាពស៊ិចស៊ី ។

ក្នុងនោះ កាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២០កន្លងទៅមុនថ្ងៃចាប់ខ្លួន ថៃ ស្រីនាង ត្រូវបានសមត្ថកិច្ចនាំខ្លួនយកមកធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា ចំពោះកំហុសឆ្គងដែលគាត់បានផុសរូបភាព និងវីដេអូខ្លីប ដែលធ្វើអោយប៉ះពាល់ដល់ទំនៀមទម្លាប់ប្រពៃណី ជាពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់ស្ត្រីខ្មែរ និង បានយល់ព្រមថតជាវីដេអូដើម្បីសូមទោសជាសាធារណ:នូវកំហុសរបស់គាត់ ។

បន្ទាប់ពីធ្វើកិច្ចសន្យា និងសារភាពកំហុសរួច នៅវេលាម៉ោង ១១និង៣០នាទី ថ្ងៃដដែល សមត្ថកិច្ចក៏បានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ។ ស្រាប់តែម៉ោង ២និង៣៥នាទីរសៀលថ្ងៃដដែល ថៃ ស្រីនាង នៅតែមិនរាងចាល ថែមទាំងផុសរូបអាក្រាតកាយ ដែលស្លៀកតែខោលីអូ ដដែល។

ដោយមានការឯកភាពយល់ព្រមពីលោក គុជ គីមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង ១៦និង២០នាទីល្ងាច ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២០ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះទៅនាំខ្លួន ថៃ ស្រីនាង ម្តងទៀតដើម្បីរៀបចំសំណុំឯកសារបញ្ជូនបន្តទៅតុលាការ និងអនុវត្តតាមនីតិវិធីច្បាប់ ហើយនៅវេលាម៉ោង ១៥និង៣០នាទីរសៀល ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ថៃ ស្រីនាង ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់ តុលាការហើយ​ដើម្បីចាត់ការតាមច្បាប់ ៕