ទីបំផុត!! អ្នកវិទ្យាសាស្រ្តអាមេរិកអះអាងថា អាចបង្កើតវ៉ាក់សាំង ការពារវីរុស Covid-19 បានហើយ
ព័ត៌មានអន្តរជាតិ
725

បរទេស៖ ក្រុមហ៊ុនវិស្វកម្មសែនរបស់រដ្ឋតិចសាស នៃសហរដ្ឋអាមេរិកបានអះអាងថា ពួកគេបានបង្កើតវ៉ាក់សាំងសម្រាប់វីរុសCovid-19 (កូរ៉ូណា)រួចរាល់ហើយ​។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន​ Daily Mail នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ​។

ក្រុមហ៊ុននេះបានប្រាប់ទស្សនាវដ្តីពាណិជ្ជកម្មហ៊ូស្តុនថា វាបានបញ្ចប់ការអភិវឌ្ឍវ៉ាក់សាំងហើយនិងបានត្រៀមរួចរាល់ក្នុងការដាក់ពិសោធន៍វាទៅលើសត្វក៏ដូចជាទទួលការត្រួតពិនិត្យពីអ្នកច្បាប់នៅក្នុងប្រទេស​។ ​

ការប្រកាសនេះបានកើតឡើងបន្ទាប់ពីអ្នកវិទ្យាសាស្ត្រអង់គ្លេសបានប្រកាសថា ពួកគេនឹងចាប់ផ្តើមធ្វើតេស្តិ៍របស់ពួកគេហើយអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Texas នៅ​ រដ្ឋអូស្ទីន (Austin) បានប្រកាសថាពួកគេបានបង្កើតសមាសធាតុដែលពួកគេជឿថាអាចប្រើជាវ៉ាក់សាំងបាន។

អ្នកវិទ្យាសាស្ត្រជាច្រើនរាប់មិនអស់នៅជុំវិញពិភពលោក កំពុងប្រណាំងប្រជែងដូចគ្នាទោះបីពួកគេកំពុងប្រើវិធីសាស្រ្តផ្សេងៗគ្នាក៏ដោយ។

ទោះយ៉ាងណា ការបង្កើតវ៉ាក់សាំងគឺគ្រាន់តែជាជំហានដំបូងឆ្ពោះទៅរកការចែកចាយមួយតែប៉ុណ្ណោះ។ ការប៉ាន់ប្រមាណភាគច្រើនបានបង្ហាញថា ចាប់ពីការធ្វើតេស្តនិងការផលិតអាចមានរយៈពេលពី​១៨​ខែ ទៅ​២ ឆ្នាំ ទោះបីជាយ៉ាងណាក៏ដោយក្រុមហ៊ុន Greffex មិនបានប្រកាសពីពេលវេលាជាក់លាក់​នោះទេ។

សូមជម្រាបថា វ៉ាក់សាំងរបស់ក្រុមហ៊ុន Greffex កើតឡើងបន្ទាប់ពីវិទ្យាស្ថានសុខភាពជាតិ (NIH) បានផ្តល់ឱ្យក្រុមហ៊ុននូវទឹកប្រាក់រហូតដល់ ១៨,៩លានដុល្លារដើម្បីអភិវឌ្ឍកម្មវិធីនេះ ដែលអនុញ្ញាតឱ្យ​បន្ថែមគ្រឿងផ្សំជាក់លាក់មួយចំនួន​ដល់មូលដ្ឋាន រូបមន្ត ដើម្បីបង្កើតវ៉ាក់សាំងយ៉ាងរហ័ស។

​គួរបញ្ជាក់ថា ចំនួនមនុស្សស្លាប់ដោយសារជំងឺឆ្លង COVID-19 បានកើនឡើងដល់ជាង ២,២០០នាក់ហើយ ខណៈអ្នកករណីឆ្លងនៅទូទាំងប្រទេសចិនវិញនោះ បានកើនឡើងដល់ជាង ៧៥,៤០០នាក់ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០។

បើតាមអាជ្ញាធរចិនដែលបានបញ្ចេញរបាយការណ៍ខាងលើនេះ ជាពិសេសរបាយការណ៍ នៅក្នុងខេត្តហ៊ូប៉ី (Hubei) ដែលជាចំណុចក្តៅនៃការឆ្លងមេរោគ COVID-19 បំផុតនោះ អត្រានៃការឆ្លងមានការធ្លាក់ចុះ នៅទូទាំងប្រទេសចិនជាច្រើនថ្ងៃជាប់ៗគ្នា ហើយវាពិតជាបង្ហាញអំពីប្រសិទ្ធភាព នៃការទប់ស្កាត់ការរីករាលជំងឺ ចេញពីខេត្តភាគកណ្តាលចិនមួយនេះ៕