​វៀតណាម អះអាងថាខ្លួនព្យាបាលទារិកាអាយុ​៣ខែម្នាក់ ឱ្យជាសះស្បើយពីជំងឺកូរ៉ូណាថ្មី«COVID-19»
ព័ត៌មានអន្តរជាតិ
318

បរទេស៖ អាជ្ញាធរសុខាភិបាលវៀតណាម បានអះអាងថា ខ្លួនបានព្យាបាលអ្នកជំងឺ COVID-19 ជាទារិកាដំបូងម្នាក់ឱ្យជាសះស្បើយ ហើយបច្ចុប្បន្ន ទារិការូបនេះ ក៏ត្រួវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Vn Express នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២០។

បើតាមអាជ្ញាធរសុខាភិបាលវៀតណាម ក្រោយការព្យាបាលអស់ជាច្រើនថ្ងៃ ទារិកាអាយុ ៣ខែខាងលើ ត្រូវបានធ្វើតេស្ដឈាមដោយលទ្ធផលបង្ហាញថា គ្មាន COVID-19 ដល់ទៅពីរដង ទើបក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកុមារជាតិវៀតណាម អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។

ប្រធានមន្ទីរពេទ្យកុមារជាតិ វៀតណាម លោក ឡេ ថាញ ហៃ (Le Thanh Hai) បានគូសបញ្ជាក់ដូច្នេះដែរថា៖ «យើងពិតជារីករាយក្នុងការជូនដំណឹងថា វៀតណាម ទទួលបានជោគជ័យក្នុង ការព្យាបាលអ្នកជំងឺ COVID-19 ជាទារិកាម្នាក់ដំបូងបំផុត ឱ្យជាសះស្បើយ»។

គួរបញ្ជាក់ថា ទារិកាខាងលើ បានឆ្លង COVID-19 ពីលោកយាយរបស់នាង ដែលត្រូវបានគេធ្វើតេស្ដរកឃើញថាបានឆ្លងជំងឺនេះកាលពីដើម ខែកុម្ភៈ កន្លងទៅ។ បច្ចុប្បន្ន ក្នុងចំណោមអ្នកឆ្លង COVID-19 ចំនួន១៦នាក់ នៅទូទាំងប្រទេសវៀណាម មានអ្នកជំងឺ១៥នាក់ បានជាសះស្បើយ និងម្នាក់ទៀត កំពុងស្ថិតនៅក្រោមការព្យាបាល។

អង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា ប្រទេសវៀតណាមបានឆ្លើយតបយ៉ាងល្អចំពោះការរាតត្បាតតាំងពីដំបូងនិងទប់ស្កាត់នៃការរីករាលដាល។

គិតត្រឹមថ្ងៃសុក្រទី២១ ខែកុម្ភៈនេះ ចំនួនអ្នកស្លាប់​បានកើនឡើងដល់​ ២,២០០នាក់ហើយ ខណៈអ្នកករណីឆ្លងនៅទូទាំងប្រទេសចិនវិញនោះ បានកើនឡើងដល់ជាង ៧៥,៤០០នាក់ និង​អ្នកជំងឺជិត ១៦.០០០​នាក់បានជាសះស្បើយ​៕