សិស្សប៊ែលធីម្នាក់ ជាមេក្រុមចោរប្លន់យ៉ាងសកម្ម ត្រូវសមត្ថកិច្ចចាប់ខ្លួន ម្តាយខ្លាចកូនដាច់ពោះស្លាប់ខំជិះម៉ូតូយកបាយទឹកមកឲ្យ ចំពេលកូនចង្អុលម៉ូតូថា ជាម៉ូតូខ្លួនឌុបបក្ខពួកចេញប្លន់
ព័ត៌មាន
7.8K

ភ្នំពេញ៖​ ម៉ែឪ ឬក៏អាណាព្យាបាល មានលុយផ្គត់ផ្គង់ឲ្យរៀនសូត្ររៀនថ្លៃៗ ល្អៗ បែរជាយុវជនម្នាក់នេះ រៀននៅសាលាប៊ែលធី ទៅហើយ បែរជាបែកគំនិតក្លាយខ្លួនទៅជាជនសង្ស័យមេខ្លោងចោរប្លន់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋតាមផ្លូវ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន និងបញ្ជូនទៅកាន់តុលាការហើយ ។

ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ៧ និង៤០នាទី យប់ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២០ នៅចំណុចបុរីញ៉ូថោន ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហ៊ួយ សុភ័ក្រ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅបុរីញ៉ូថោន បានសារភាពថា ​ខ្លួនមានបក្ខពួកជាសិស្សសាលាដូចគ្នា​ ហើយខ្លួនជាប្រធានក្រុមចោរប្លន់ និងជាអ្នកធ្វើសកម្មភាពផ្ទាល់តែម្តង ធ្លាប់ប្លន់ច្រើនលើកក្នុងខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ និងខេត្តកំពង់ស្ពឺ ហើយប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមជនសង្ស័យបានធ្វើសកម្មភាពប្លន់២លើកផ្ទួនៗគ្នា នៅក្នុងសង្កាត់ចោមចៅ៣ រួចក៏ត្រូវសមត្ថកិច្ចបើកការស្រាវជ្រាវ ចាប់ខ្លួនបានជាបន្តបន្ទាប់៥នាក់ ក្នុងនោះក្រុមជនសង្ស័យជាក្រុមដៃដល់៣នាក់ និងជនសង្ស័យជាអ្នកទទួលផលចោរកម្ម២នាក់។

អ្វីដែលហួសចិត្តនោះ ម្តាយជនសង្ស័យជាមេក្រុមចោរប្លន់នេះ ខ្លាចកូនដាច់បាយ ខំខ្ចប់បាយខ្ចប់ទឹកជិះម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HL-4036 យកបាយមកឲ្យកូនដល់ផ្នែកជំនាញខណ្ឌពោធិ៍សែនជ័យ គ្រាន់តែដល់ភ្លាមខណៈសមត្ថកិច្ចជំនាញកំពុងសាកសួរលើមធ្យោបាយជិះដើរធ្វើសកម្មភាព ស្រាប់តែជនសង្ស័យចង្អុលថា ម៉ូតូដែលម្តាយជិះមកនេះហើយដែរខ្លួនជិះប្លន់ ទើបសមត្ថកិច្ចធ្វើការដកហូតវត្ថុតាងតែម្តង និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ។

ចំណែកបក្ខពួកសេសសល់ សមត្ថកិច្ចកំពុងស្រាវជ្រាវ ចាំសហការចូលទៅចាប់ដល់ក្នុងសាលាដល់ផ្ទះតែម្តង៕