​គិតមកទល់ពេលនេះ! វីរុសកូរ៉ូណាថ្មី«COVID-19» បាន​ផ្តាច់ជីវិត​មនុស្ស​ជិត​២​ពាន់នាក់ និងឆ្លង​ជាង​៧ ម៉ឺននាក់ទូទាំងពិភពលោក
ព័ត៌មានអន្តរជាតិ
306

បរទេស៖ ប្រជាពលរដ្ឋនៅប្រទេសជាច្រើនក្នុងពិភពលោកកំពុងព្រួយបារម្ភជាខ្លាំង ពីការរីករាលដាលយ៉ាងឆាប់រហ័សនៃ ជំងឺរលាកប្រព័ន្ធដង្ហើម ដែលបង្ក​ដោយវីរុស​«COVID-19»​កូរ៉ូណាប្រភេទថ្មី។ រហូតមកដល់ព្រឹកថ្ងៃទី១៧ ខែកុម្ភៈនេះ ​ចំនួនមនុស្សដែលបាត់បង់ជីវិត ដោយសារវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅក្នុងប្រទេសចិនបានកើនដល់ ១,៧៧០នាក់ និងអ្នកឆ្លងបានបន្តកើនដល់ជាង​៧០,០០០នាក់ ជិត៣០ប្រទេសនៅលើពិភពលោក។​ នេះបើយោងតាមការចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។


​ក្រុមជំនាញវេជ្ជសាស្ត្ររាប់ពាន់នាក់ ថ្នាំសង្កូវ និងគ្រឿងបរិក្ខាពេទ្យជាច្រើនសិបតោនទៀត ត្រូវបានដឹកជញ្ជូនបន្ថែមទៀតទៅខេត្តហ៊ូប៉ី (Hubei) និងទីក្រុងវូហាន (Wuhan) ដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រយុទ្ធនឹងវីរុស COVID-19។

អាជ្ញាធរសុខាភិបាលចិនបានប្រកាសឱ្យដឹងថា អ្នកឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ឬ COVID-19 សរុបចំនួន ១០,៨៤៤នាក់ហើយត្រូវបានក្រុមគ្រូពេទ្យ អនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីពួកគេជាសះស្បើយទាំងស្រុង។ យោងតាមគណៈកម្មការសុខាភិបាលជាតិចិន​បានបញ្ជាក់ថា ពេញមួយថ្ងៃអាទិត្យម្សិលមិញនេះ មនុស្សចំនួន ១,៤២៥នាក់ បន្ថែមទៀតបានចាកចេញពីមន្ទីរពេទ្យ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងដល់ ១០,៨៤៤នាក់ដូចខាងលើ។

អាជ្ញាធរសុខាភិបាលចិនបានបញ្ជាក់ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១,៧៧០នាក់ បន្ទាប់ពីថ្ងៃអាទិត្យម្សិលមិញនេះ មានអ្នកជំងឺ COVID-19 ចំនួន ១០៥នាក់ទៀត បានបាត់បង់ជីវិតដោយក្នុងនោះ ១០០នាក់នៅខេត្តហ៊ូប៉ី (Hubei), ០៣នាក់នៅហេហាន (Henan) និង ០២នាក់នៅក្វាងទុង (Guangdong)។ ដោយឡែកមនុស្សឆ្លងជំងឺ COVID-19 ថ្មីទៀតមានចំនួន ២,០៤៨នាក់នៅតាមបណ្តាខេត្ត និងតំបន់ចំនួន ៣១ របស់ចិន។

សូមជម្រាបថា មកទល់ពេលនេះ ករណីមនុស្សស្លាប់នៅក្រៅចិនដីគោក គឺមាន ០៤ករណី រួមមាន ១ករណីនៅហុងកុង, ១ករណីនៅហ្វីលីពីន, ១ករណីនៅជប៉ុន និង ១ករណីទៀតនៅបារាំង៕