ទុស្សេខ្សែភ្លើងឆេះផ្ទះ៤ល្វែងជាប់គ្នា បំផ្លាញទ្រព្យសម្បត្តិជាង ៣០០,០០០ដុល្លារ (មានវិដេអូ)
ព័ត៌មាន
1.68K

ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះផ្ទះអាជីវករចំនួន៤ល្វែងជាប់គ្នា ដែលមានម្ចាស់៣ផ្សេងគ្នា រួមមានផ្ទះលក់ម៉ូតូ ផ្ទះលក់ពូកគ្រែ និងផ្ទះលក់គ្រឿងបន្លាស់ជួសជុលម៉ូតូយ៉ាងសន្ធោសន្ធៅ ផ្តើមចេញពីទុស្សេខ្សែភ្លើង ហើយបើតាមការអះអាងរបស់ប្រជាពលរដ្ឋគឺឆេះចេញពីបង្គោលភ្លើងខាងក្រៅផ្ទះ ទើបឆេះរាលចូលដល់ក្នុងផ្ទះ ជាបន្តបន្ទាប់ បំផ្លាញម៉ូតូអស់ប្រហែល៨០គ្រឿង រួមទាំងទ្រព្យសម្បត្តិជាច្រើនសន្ធឹកសន្ធាប់ ជាង៣០០,០០០ ដុល្លារឯណោះ។

ហេតុការណ៍នេះបាន កើតឡើងកាលពីវេលាម៉ោង៥និង៥០នាទីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅតាមផ្លូវចោមចៅ ទល់មុខផ្សារត្រពាំងថ្លឹង ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានអោយដឹងថា ម្ចាស់​ផ្ទះ​​​ទី​១)ឈ្មោះ​ ហ៊រ​ ម៉េង​ហៀប​ ភេទ​ប្រុស​ អាយុ​៣៨ឆ្នាំ ​មុខរបរ​ លក់​ដូរ​ (ខូចខាត​ទ្រព្យ​សម្បត្តិ​សរុប​ប្រហែល ​៤០០០០ដុល្លារ​)​ , ម្ចាស់​ផ្ទះ​ទី​២​)​ឈ្មោះ​ ជួន​ ទិត្យ​ ភេទ​ប្រុស​ អាយុ​៣៧ឆ្នាំ ​មុខរបរ​លក់​ដូរ​(ខូចខាត​ទ្រព្យ​សម្បត្តិ​ប្រហែល ​៩៥០០០ដុល្លារ​) , ម្ចាស់ផ្ទះ​​ទី​៣)​ឈ្មោះ​ ស៊ួ​ស​ កុសល្យ​ អាយុ​ ៣៩ឆ្នាំ​ មុខរបរ​លក់​ដូរ​(ខូចខាត​ទ្រព្យ​សម្បត្តិ​ប្រហែល​ ១៨០០០០ដុល្លារ​)។

ក្នុងនោះបើតាមអាជ្ញាធរបានឲ្យដឹងថា ផ្ទះអាជីវករទាំង៤ល្វែង មាន៣ម្ចាស់ផ្សេងគ្នា មួយល្វែងលក់ពូក គ្រែ, មួយល្វែងលក់គ្រឿងបន្លាស់ម៉ូតូ ជួសជុលម៉ូតូ , និង២ល្វែងទៀតជាប់គ្នា មានម្ចាស់តែមួយ បើកលក់ម៉ូតូ ។

អគ្គិភ័យឆាបឆេះនេះ ជាប្រភេទផ្ទះឥដ្ឋ​ប្រក់​ក្បឿង​ទំហំ​៤​ម៉ែត្រx១៨ម៉ែត្រ បណ្តាលអោយឆាបឆេះផ្ទះ​៤ខ្នង​អស់ទាំងស្រុងផ្ទះទំហំ ៤ម៉ែត្រx១៨ម៉ែត្រនឹងឆេះរាលដាលដល់ផ្ទះចំនួន១ផ្ទះទៀត​បន្តិច​បន្តួច​ ។

តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ នៅលើបង្គោលភ្លើងខាងមុខផ្ទះ កើតមានទុស្សេខ្សែភ្លើង បង្កជាអគ្គិភ័យឆេះខ្សែភ្លើងនៅលើបង្គោល ហើយនាំគ្នាទៅហៅដាស់ម្ចាស់ផ្ទះលក់ពូក តែមិនងើបបើកទ្វារនៅឡើយ ហើយភ្លើងឆេះរាលចូលដល់ក្នុងផ្ទះលក់ពូក ទើបផ្អើលឆោឡោកាន់តែខ្លាំងឡើង ទោះបីជាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ ក៏មិនអាចទប់ឈ្នះ ភ្លើងកាន់តែខ្លាំងឡើងរាលចូលដល់ផ្ទះ ជួសជុលម៉ូតូ និងបន្តទៅផ្ទះលក់ម៉ូតូ សរុប៤ល្វែង ឆេះសន្ធោសន្ធៅតែម្តង ។

ភ្លាមៗគេឃើញវត្តមានឯកឧត្តម ចយ ភាព ទីប្រឹក្សាគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អធិការការ អាជ្ញាធរខណ្ឌ មន្ត្រីពាក់ព័ន្ធជាច្រើនទៀត ចុះទៅពិនិត្យបញ្ជាផ្ទាល់ ។

ជាក់ស្តែងនៅក្នុងហេតុការណ៍នេះ មានការអន្តរាគមន៍ពីរថយន្តការិយាអគ្គិភ័យ​ :​ ចំនួន​ ២០គ្រឿង​ ប្រេីប្រាស់ទឹកអស់ចំនួន​ ២០​គ្រឿង​ , រថយន្ត​អង្គភាព​(ង៧០)​២​ គ្រឿង​ប្រើប្រាស់​ទឹក​អស់​ចំនួន​២គ្រឿង​ ,រថយន្ត​ពន្លត់​អគ្គីភ័យ​របស់​សួន​ កាណាឌីយ៉ា​ ២​គ្រឿង​ប្រើប្រាស់​ទឹក​អស់​ចំនួន​២គ្រឿង​ , រថយន្ត​ពន្លត់​អគ្គីភ័យ​របស់​អាវុធ​ហត្ថ​រាជធានីភ្នំពេញ​ចំនួន​៣​គ្រឿង​ប្រើប្រាស់​ទឹក​អស់​ចំនួន​៣គ្រឿង​ , រថយន្ត​ពន្លត់​អគ្គីភ័យ​របស់​ក្រសួង​មហាផ្ទៃ​ ចំនួន​៣គ្រឿង​ប្រើប្រាស់​ទឹក​អស់​ចំនួន​៣គ្រឿង​ និងពន្លត់ចប់​ទៅវិញនៅម៉ោង​០៨និង៣០នាទីនាថ្ងៃខែឆ្នាំដដែល ។

សូមបញ្ជាក់ថា ចំពោះទំហំខូចខាតនៅមិនទាន់ដឹងឡើយនោះទេ តែបើតាមការបញ្ជាក់បឋមពីទីតាំងកើតហេតុ ម៉ូតូចំនួនប្រហែល៨០គ្រឿងគឺត្រូវភ្លើងឆេះខ្ទេចអស់គ្មានសល់ បូករួមទាំងសម្ភារៈ ពូកគ្រែ និងគ្រឿងបន្លាស់ម៉ូតូ នៅក្នុងផ្ទះទាំង៤ល្វែងនេះ គឺជាង៣០០,០០០ដុល្លារឯណោះបានក្លាយជាចំណីព្រះអគ្គី។

ចំណែកមូលហេតុត្រូវបានសមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយករណីនេះ ក៏បានបណ្តាលអោយកងកម្លាំងពន្លត់អគ្គិភ័យម្នាក់ រងរបួសផងដែរ៕