ពិតជាអាសូរណាស់!!! យោធាម្នាក់ដើរជាន់មីនផ្ទុះស្លាប់យ៉ាងអាណោចអាធ័ម ពេលបំពេញបេសកកម្មដើរល្បាតតាមព្រំដែនខេត្តព្រះវិហារ
ព័ត៌មាន
1.56K

ព្រះវិហារ៖ មន្ត្រីយោធាម្នាក់ ដែលបម្រើការងារនៅវរសេនាតូច៣៨៥ ចំណុះកងពលតូចអន្តរាគមន៍លេខ៨ បានស្លាប់ដោយសារជាន់មីន ក្នុងពេលបំពេញបេសកកម្ម ដើរល្បាតតាមព្រំដែន នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។

ហេតុការណ៍គួរឲ្យសង្វេគនេះបានកើតឡើងនៅពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ស្ថិតនៅចំណុចខាងត្បូងអន្លង់រាំង ជើងភ្នំប្រាំរយខាងកើត។

វរសេនីយ៍ទោ ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត បានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះ រួមជាមួយក្រុមការងារ បានចុះបំពេញបេសកកម្មដើរល្បាតតាមខ្សែបន្ទាត់ព្រំដែន នៅចំណុចភូមិសាស្ត្រខាងលើ តែអកុសលបានដើរជាន់គ្រាប់មីន បណ្តាលឲ្យផ្ទុះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ ជិន ហាត់ ឋានន្តរស័ក្តិព្រិន្ទបាលឯក មុខងារមេក្រុម៣ កងអនុសេនាធំទី៣ វរសេនាតូច៣៨៥ ចំណុះកងពលតូចលេខ៨។ 

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានអង្គភាពដឹកមកធ្វើបុណ្យតាមប្រពៃណី នៅភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕