កំណត់ត្រាថ្មី​! ទ្វីបទឹកកកអង់តាក់ទិច កើនសីតុណ្ហភាពដល់លើស​២០អង្សាសេ​(មានវីដេអូ)
ព័ត៌មានអន្តរជាតិ
366

បរទេស៖ ក្រុមអ្នកវិទ្យាសាស្ត្រក្នុងទ្វីបអង់តាក់ទិច បានចុះបញ្ជីសីតុណ្ហភាពថ្មីមួយរហូតដល់ទៅ ២០.៧៥អង្សាសេ ដែលនេះគឺកម្រិតលើស ២០អង្សាសេជាលើកដំបូង នៅលើទ្វីបទឹកកកយក្សមួយនេះ ខណៈមានការព្រួយបារម្ភកាន់តែខ្លាំងពីការរលាយផ្ទាំងទឹកកក និងការកើនឡើងនៃកម្ដៅផែនដី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។


លោក ខាឡូស ស្កាអ៊ីហ្វើ (Carlos Schaefer) ជាអ្នកវិទ្យាសាស្ត្រប្រេស៊ីលម្នាក់ បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា «យើងមិនដែលបានឃើញសីតុណ្ហភាពក្ដៅបែបនេះទេ នៅលើទ្វីបអង់តាក់ទិច»។ លោកបន្ថែមថា ការរកឃើញនេះធ្វើឡើងនៅឯស្ថានីយនៅលើកោះមួយ​ស្ថិតនៅភាគខាងជើងចុងបំផុត នៃទ្វីបមួយនេះកាលពីថ្ងៃទី៩ ខែកុម្ភៈ ប៉ុន្តែនេះមិនមែនបង្ហាញពីនិន្នាការ ប្រម្រែបម្រួលអាកាសធាតុនោះទេ ព្រោះវាគ្រាន់តែជាការផ្តោតតែទៅលើ​សីតុណ្ហភាពតែមួយគត់ និងមិនមែនជាផ្នែកមួយទិន្នន័យរយៈពេលវែងឡើយ។

គួរជម្រាបថា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ កម្ដៅនៅលើទ្វីបអង់តាក់ទិចមានសីតុណ្ហភាព ១៧.២អង់ង្សាសេ ខណៈឆ្នាំ២០១៩ កន្លងទៅត្រូវបានអង្គការសហប្រជាជាតិចាត់ទុកថា ជាឆ្នាំដ៏ក្ដៅបំផុតមួយមិនធ្លាប់ចាប់តាំងពីឆ្នាំ២០១៦ មក ខណៈនៅឆ្នាំ២០២០ នេះ សីតុណ្ហភាពកំពុងបន្តស្ថិតនៅក្នុងនិន្នាការនេះដដែល៕