ព្យាយាមធ្វើអត្តឃាតខ្លួនឯងច្រើនដង ចុងក្រោយមុតអំបែងពាងដែលខ្លួនវាយកម្ទេច រហូតខ្សោះឈាមអស់ពីខ្លួនស្លាប់លើគ្រែ
ព័ត៌មាន
965

កណ្ដាល៖ បុរសម្នាក់ បានដេកហូរឈាមខ្សោះអស់ពីខ្លួន រហូតស្លាប់នៅលើគ្រែ ក្រោយព្យាយាមធ្វើអត្តឃាតខ្លួនឯងជាច្រើនដង តែមិនសម្រេច លុះចុងក្រោយផឹកស្រវឹងយកដំបងមកវាយបំផ្លាញទ្រព្យសម្បត្តិ រួមទាំងពាង បែរជាបែកអំបែងពាងមាត់ហូរឈាម រហូតស្លាប់តែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ គង់ ឆាត ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ។

តាមការបំភ្លឺរបស់ឪពុកម្ដាយជនរងគ្រោះបានឲ្យដឹងថា កន្លងមក ជនរងគ្រោះធ្លាប់ព្យាយាមចងក.ធ្វើអត្ដឃាត ២ដងរួចមកហើយ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋជិតខាងឃើញទាន់ជួយទាន់ពេល ។ លុះមកដល់ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោងប្រមាណ៣ ជនរងគ្រោះបានផឹកស្រាស្រវឹងជោគជាំ ហើយបានស្រែកឡូរឡាររករឿងឪពុកម្ដាយ និងយកដំបងឫស្សីមកវាយបំផ្លិចបំផ្លាញសម្ភារ:ក្នុងផ្ទះដូចជា៖ ពាងទឹក ,ចាន និងកាធុន បណ្តាលឲ្យបែកខ្ទេចខ្ទី ហើយក៏ស្ងាត់ទៅវិញ ។ លុះមកដល់ថ្ងៃទី១៤ ខែឆ្នាំដដែល វេលាម៉ោង ១០និង៣០នាទី ស្រាប់តែមានប្រជាពលរដ្ឋប្រទះឃើញជនរងគ្រោះដេកស្លាប់នៅលើគ្រែដោយមានហូរឈាម ភ្លាមនោះក៏រាយការណ៍ជូននគរបាលប៉ុស្ដិ៍រដ្ឋបាលកំពង់ភ្នំដើម្បីធ្វើការពិនិត្យ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើកោសល្យវិច័យបានឲ្យដឹងថា ជនរងគ្រោះស្លាប់នៅលើគ្រែ និងមានឈាមហូរឡើងកកនៅក្រោមជើង ដោយសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារស្រវឹងជោកជាំ និងដាច់រយះដោយសារអំបែងពាងហូរឈាមខ្សោះអស់ពីខ្លួនរហូតដល់ស្លាប់តែម្តង មិនពាក់ព័ន្ធនឹងករណីឃាតកម្មនោះទេ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕