លួចម៉ូតូគេមិនសម្រេចហើយ អស់ម៉ូតូមួយគ្រឿងទៀត! មើលម៉ូតូជនសង្ស័យ និងម៉ូតូជនរងគ្រោះ..
ព័ត៌មាន
374

កណ្តាល៖ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋមិនសម្រេចហើយ ខាតម៉ូតូខ្លួន​ឯងមួយគ្រឿងទៀត តែរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥ព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងផ្សារ ព្រែកដាច់ ភូមិព្រែកដាច់ ឃុំ​ព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។

ជនរងគ្រោះមានឈ្មោះ​ ផាន សុធា អាយុ៣៦ឆ្នាំ មុខរបរលក់បន្លែ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ។ ចំណែកជនសង្ស័យរត់បាត់ មិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ។

ក្នុងនោះសមត្ថកិច្ចដកហូតបានម៉ូតូ២គ្រឿង រួមមាន ៖

១.ម៉ូតូម៉ាកHONDA.C125 ផលិតឆ្នាំ២០១៨ ស្លាកលេខ កណ្តាល 1X6096 (ជារបស់ជនរងគ្រោះ)

២.ម៉ូតូម៉ាកHONDA.C125 ឆ្នាំ២០០៧ ពណ៌ខ្មៅ ស្លាកលេខ ព្រៃវែង1D.7709(ជារបស់ជនសង្ស័យទុកចោលកន្លែងកើតហេតុ)។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុ​ជនរងគ្រោះបានជិះម៉ូតូដឹកបន្លែទៅឲ្យប្រពន្ធលក់នៅផ្សារព្រែកដាច់។ ពេលជញ្ជូនបន្លែជិតរួចហើយ កំពុងរៀបបន្លែនៅក្នុងតូប ដោយទុកទាំងសោរនៅជាប់ម៉ូតូ ដែលមានចម្ងាយប្រហែល៣ម៉ែត្រពីតូប ពេលកំពុងតែរៀបបន្លែ ស្រាប់តែក្រឡេកឃើញជនសង្ស័យជិះម៉ូតូរបស់ខ្លួនចេញទៅ។ ជនរងគ្រោះបានស្រែកថា៖ ចោរៗ រួចបានទាញម៉ូតូ១ គ្រឿងទៀត ដេញតាមពីក្រោយ ដោយឃើញម្ចាស់ដេញ តាមពីក្រោយ ជនសង្ស័យ បានបត់ចូលផ្លូវលំ ព្រែកថ្មី ស្ថិតនៅឃុំពាមរាំងស្រុកលើកដែក ហើយបានផ្តួលម៉ូតូចោល រត់គេចខ្លួនចូលព្រៃពោតបាត់តែម្តង។

បន្ទាប់មកជនរងគ្រោះបានយកម៉ូតូរបស់ខ្លួន យកមកប៉ុស្តិ៍រាយការណ៍ ជូនសមត្ថកិច្ច សមត្ថកិច្ចបានចុះមកកន្លែងកើតហេតុស្រាវជ្រាវចាប់យក វត្ថុតាង រួចបញ្ជូនមកកាន់អធិការដ្ឋាន ដើម្បីបន្តកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕