កាន់តែធ្ងន់ធ្ងរហើយ! បុគ្គលិកពេទ្យកើនដល់១,៧០០នាក់ឆ្លងវីរុស​កូរ៉ូណាថ្មី«COVID-19»​និងស្លាប់៦នាក់(មានវីដេអូ)
ព័ត៌មានអន្តរជាតិ
668

បរទេស៖ មន្ត្រីសុខាភិបាលចិនបានរាយការណ៍ឲ្យដឹងនៅថ្ងៃសុក្រនេះថា បុគ្គលិកពេទ្យចំនួន០៦រូបបានស្លាប់ដោយសារវីរុសកូរ៉ូណាថ្មី ឬ COVID-19 ខណៈសរុបជាង១,៧០០នាក់បានឆ្លងជំងឺនេះនៅទូទាំងប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNN នាថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។

លោក Zeng Yixin អនុរដ្ឋមន្រ្តីនៃគណៈកម្មការសុខាភិបាលជាតិចិន (ក្រសួងសុខាភិបាលចិន) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នាព្រឹកថ្ងៃសុក្រនេះ ថា បុគ្គលិកផ្នែកសុខាភិបាលចំនួន១,៧១៦នាក់ បានឆ្លងវីរុស COVID-19 (វីរុសកូរ៉ូណាប្រភេទថ្មី) នៅទូទាំងប្រទេស ដោយគិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ។

លោក Zeng ក៏បានបញ្ជាក់បន្ថែមទៀតថា បុគ្គលិកពេទ្យភាគច្រើន គឺចំនួន១,១០២នាក់ ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាឆ្លងវីរុស COVID-19 គឺនៅ ទីក្រុង Wihan ដែលជាចំណុចកណ្តាលនៃការផ្ទុះរាលដាលវីរុសនេះ ខណៈ៤០០នាក់ផ្សេងទៀត បានឆ្លងវីរុសនៅតាម កន្លែងផ្សេងៗទៀត ក្នុងខេត្តហ៊ូប៉ី។

គួរជម្រាបថា អាជ្ញាធរចិនបាននិងកំពុងបន្តប្រឹងប្រែងបញ្ជូនបរិក្ខាការពារខ្លួន ទៅកាន់មន្ទីរពេទ្យនានាក្នុងក្រុង Wuhan ស្របពេលដែល គ្រូពេទ្យនិងគិលានុបដ្ឋាយិកានៅទីនោះ ត្រូវប្រឈមនឹងចំនួនអ្នកជំងឺដែលបន្តកើនឡើងខ្ពស់ខ្លាំង ហើយភាគច្រើនត្រូវបង្ខំចិត្តពិនិត្យអ្នកជំងឺ ទាំងមិនមានម៉ាស ឬឈុតការពារខ្លួនត្រឹមត្រូវនោះឡើយ ឬមួយក៏ប្រើសម្ភារៈចាស់ដដែលៗជាដើម៕