សាក់ពេញខ្លួន នៅត្រូវសមត្ថកិច្ចចាប់ខ្លួនបានទៀត ក្រោយលួចម៉ូតូនារីម្នាក់
ព័ត៌មាន
523

ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ពញាពន់ ធ្វើការចាប់ឃាត់ខ្លួន ក្រោយធ្វើសកម្មភាពលួចម៉ូតូរបស់នារីម្នាក់ បានសម្រេច ហើយព្យាយាមរត់គេចខ្លួន ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទី រសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ តាមបណ្តោយផ្លូវ១៥១ ក្នុងភូមិបឹង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ ណាល់ ចាន់ណា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ និងជនសង្ស័យទី២ឈ្មោះ ចាំ សុខចាន់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិឬស្សីសង្កាត់មានជ័យ ខណ្ឌមានជ័យ ។

ក្នុងនោះសមត្ថកិច្ចបានធ្វើការដកហូត ម៉ូតូម៉ាក ស៊ុយសូគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GQ-8231 ចំនួន០១គ្រឿង (ប្រគល់ជូនជនរងគ្រោះវិញ) , ម៉ូតូម៉ាក SL ពណ៌ស ពាក់ស្លាកលេខ 1BU-0421 ចំនួន ១គ្រឿង (ជារបស់ជនសង្ស័យ ជិះធ្វើសកម្មភាព) , ផ្លែទុរវីសសំប៉ែតចុងស្រួច ចំនួន ១ដើម និងទូរស័ព្ទដៃចំនួន២គ្រឿង។

ចំណែកជនរងគ្រោះឈ្មោះ ខាន ស្រីលីន ភេទស្រី អាយុ២១ឆ្នាំ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ នឹងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមច្បាប់បន្តទៀត៕