បុគ្គលិកធនាគារABAម្នាក់របួសធ្ងន់បញ្ជូនទៅពេទ្យវៀតណាម ក្រោយត្រូវរថយន្តបុកពេញទំហឹង
ព័ត៌មាន
218

ស្វាយរៀង៖ បុគ្គលិកធនាគារABAម្នាក់បានរងរបួសធ្ងន់ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍​រវាងរថយន្តកាមរី បើកបរដោយបុរសម្នាក់ សង្ស័យជាមន្ត្រីនគរបាល បុកជាមួយម៉ូតូហុងដាសេ១២៥ ពេញទំហឹង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ និង៣០នាទីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ លើផ្លូវជាតិលេខ១ ភូមិប្រសូត២ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលរងរបួសធ្ងន់នេះ មានឈ្មោះ ព្រំ សារ៉ុន អាយុ ៣០ ឆ្នាំ មុខរបរបុគ្គលិកធនាគារABA រស់នៅភូមិព្រះពន្លា ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1L-8090 លុះដល់ចំណុចកើតត្រូវបានរថយន្តម៉ាក កាមរី ពណ៌ទឹកមាស ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-2060 ត្រូវបានពលរដ្ឋលើកឡើងថា បើកបរដោយមន្ត្រីនគរបាល ធ្វើដំណើរបញ្ច្រាសទិសគ្នាបុកពេញទំហឹង បណ្តាលឲ្យបុគ្គលិកធនាគារABA រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរប្រទេសវៀតណាម រួចអ្នកបើកបររថយន្តចុះគេចខ្លួនបាត់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបាន ធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត៕