សម្តេចតេជោ៖ «បើមាន​អ្នក​ជំងឺ​កូរ៉ូ​ណានៅលើកប៉ាល់​ក៏ស​ម្តេច​ទទួល​ដែរ​ ហើយថែម​ទាំង​ទទួល​អោយបាន​ឆាប់​រហ័​សទៀត »
ព័ត៌មាន
567

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញទៅកាន់ខេត្តព្រះសីហនុ ដើម្បីជួបស្វាគមន៍ផ្ទាល់ជាមួយអ្នកដំណើរនៅលើនាវាទេសចរណ៍ MS Westerdam ដែលកំពុងចតនៅកំពង់ផែក្រុងព្រះសីហនុ។

ក្នុងនោះ យោងតាមផេកផ្លូវការ របស់សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា​បានបង្ហោះទាំងស្រុងថា «អរគុណសន្តិភាព! ដោយសារតែកម្ពុជាមានសន្តិភាពទើប ខ្ញុំហ៊ានសម្រេចចិត្តទទួលយកនាវា ទេសចរណ៍ដ៏ធំដែលគ្មានកន្លែងចូលចតឱយមកចូលចតនៅកំពង់ផែ ក្រុងព្រះសីហនុ ដើម្បីជួយដល់អ្នកដែលស្ថិតនៅលើ នាវាអស់រយៈពេល១៣ថ្ងៃ មកហើយឱយបានវិលត្រឡប់ទៅប្រទេសពួកគេវិញដោយសុវត្ថិភាព។ ព្រឹកថ្ងៃ១៤ កុម្ភៈ ២០២០ ខ្ញុំនឹងទៅស្វាគមន៍ពួកគេនៅខេត្តព្រះសីហនុ ក្នុងឋានៈជាម្ជាស់ផ្ទះដែលមានសាមគ្គីភាពនិងការទទួលខុសត្រូវ។ សុំអរគុណអង្គការសុខភាពពិភពលោក និងប្រទេសនាៗដែលមានពលរដ្ឋខ្លួន ស្ថិតនៅលើនាវាដែលបានផ្តល់នូវការជឿទុកចិត្តដល់កម្ពុជា។ជួយគ្នាក្នុងគ្រាក្រស្គាល់មិត្តល្អក្នុងពេលលំបាក»

ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសជាសាធារណៈនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ថា ចាប់ពីពេលនេះ ទៅអ្នកដំណើរនៅលើនាវាទាំងអស់ អាចចាកចេញពីនាវា ហើយធ្វើដំណើរកំសាន្ដទៅកន្លែងផ្សេងៗនៅក្នុងប្រទេសកម្ពុជា បានដោយសប្បាយរីករាយ ហើយប្រសិនបើមានបំណងទៅកំសាន្តនៅខេត្តសៀមរាប យើងនឹងបង្កលក្ខណៈងាយស្រួល ដោយមានក្រុមហ៊ុនអាកាសចរណ៍បានត្រៀមយន្តហោះចំនួន៤គ្រឿងសម្រាប់ការជួយដឹកជញ្ចូនថែមទៀត ហើយសម្តេច ក៏​បាន​ប្រកា​សទៀតថា​ «បើមាន​អ្នក​ជំងឺ​កូរ៉ូ​ណានៅលើកប៉ាល់​ក៏ស​ម្តេច​ទទួល​ដែរ​ ហើយថែម​ទាំង​ទទួល​អោយបាន​ឆាប់​រហ័​សទៀត​ » ។

មិនតែប៉ុណ្ណោះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវសំណូមពរដល់ប្រជាជនខ្មែរទាំងអស់ ជាពិសេសបុគ្គលិកបំរើការនៅសណ្ឋាគារ ភោជនីយដ្ឋាន ក៏ដូចជាកន្លែងកំសាន្ដផ្សេងៗ នៅក្នុងខេត្តព្រះសីហនុ មិនត្រូវរើសអើង និងមិនត្រូវភ័យខ្លាចអំពីរឿងនេះទេ។

សូមបញ្ជាក់ផងដែរថា នៅព្រឹកនេះ មានភ្ញៀវទេសចរជាង១០០នាក់បានចាកចេញពីនាវា ដើម្បីបន្តដំណើរតាមជើងយន្តហោះត្រឡប់ទៅកាន់ប្រទេសកំណើតរាងៗខ្លួន ចំណែកភ្ញៀវទេសចរនៅសល់នឹងបន្តចាកចេញតាមក្រោយបន្តទៀត៕