ជិតដល់ថ្ងៃចូលរោងការនាំគ្នាទៅជីកដីដំបូក បែរជាត្រូវដីបាក់សង្កត់ស្លាប់ខាងប្រុស ទុកឲ្យខាងស្រីយំផងស្រែកផង កាយគំនរដីចេញពីសពអនាគតប្តី
ព័ត៌មាន
428

សៀមរាប៖ យុវជនម្នាក់បានស្លាប់ចោលគូស្នេហ៍ ដែលជាគូដណ្តឹងជិតដល់ថ្ងៃចូលរោងការទៅហើយ នៅតែជាង១ខែទៀតប៉ុណ្ណោះ ទុកឲ្យខាងស្រីកំព្រាដូចអកព្រាត់គូ ។

ការស្លាប់របស់យុវជនរូបនេះ គឺបានកើតឡើងខណៈដែលគាត់បាននាំគូដណ្តឹងខាងស្រី ទៅជីកដីដំបូក យកមកធ្វើឡត៍ដុតធ្យូង ក្នុងព្រៃឆ្ងាយពីផ្ទះជាង១គីឡូម៉ែត្រ ស្រាប់តែត្រូវដីបាក់សង្កត់តែម្តង ។

ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នៅភូមិត្រាំកង់ ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀម​រាប ។

សាកសពជនរងគ្រោះមានឈ្មោះ ណិត ចាប ភេទប្រុស អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅភូមិជ្រាបចាស់ ឃុំជប់វារី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ស្នាក់នៅក្បែរកន្លែងកើតហេតុ។

តាមប្រភពប័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បាននាំគូដណ្តឹងរបស់ខ្លួន ដែលជិតដល់ថ្ងៃរៀបការជាមួយគ្នា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ ទៅជីកដីដំបូកយកមកធ្វើឡត៍ដុតធ្យូង ខណៈដែលជនរងគ្រោះកំពុងជីកដីដំបូកនោះ ស្រាប់តែដីដំបូកមួយផ្ទាំងធំ ទម្ងន់មិនតិចជាង​១តោន បានបាក់ធ្លាក់សង្កត់លើជនរងគ្រោះ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងតែម្តង ទាំងដែលគូដណ្តឹងខាងស្រី ប្រឹងកាយដីចេញដើម្បីជួយសង្រ្គោះអនាគតជាប្តីយ៉ាងណាក៏ដោយ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះមកធ្វើកោសល្យវិច័យទៅលើសាកសព និងបានប្រគល់សាកសពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕