យុវជនប្រុស-ស្រី៣នាក់ លង់ទឹកទន្លេមេគង្គ​ នៅស្រុកឆ្លូង ខេត្តក្រចេះ ទើបប្រទះឃើញសាកសពស្លាប់ ចំនួន២នាក់ និងសាកសពម្នាក់ទៀត រកមិនទាន់ឃើញ
ព័ត៌មាន
405

ខេត្តក្រចេះ៖ ផ្អើលខ្លាំង ប្រទះឃើញសពយុវជនប្រុស-ស្រី២នាក់ស្លាប់ និងម្នាក់ទៀតរកមិនទាន់ក្រោយ បន្ទាប់ពីក្រុមយុវជនប្រុស-ស្រីនេះ បានទៅលេងទឹក បណ្ដាលឲ្យលង់បាត់ខ្លួន អស់រយៈពេលប្រហែលពីម៉ោង ទើបប្រទះឃើញ។ 

ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំនុចភូមិថ្មី២ ឃុំខ្សាច់អណ្ដែត ស្រុកឆ្លូង ខេត្តក្រចេះ។

បើតាមលោក ឆុង តូរ៉ាន់ អធិការនគរបាលស្រុកឆ្លូង បានឲ្យដឹងថា យុវជនមួយក្រុម មានគ្នា៦នាក់ ទៅលេងទឹកទន្លេមេគង្គ ដែលមានខ្សាច់ដុះ ហើយបណ្ដាលឲ្យលង់ទឹកទាំង៦នាក់ តែមាន៣នាក់ បានជិះកង់ឡាន ទើបរួចពីផុតការលង់ទឹកស្លាប់ ហើយ៣នាក់ទៀត បានលង់បណ្តាលឲ្យស្លាប់ ទើបតែរកឃើញសាកសព២នាក់ ចំណែកម្នាក់ទៀតរកមិនទាន់ឃើញនៅឡើយ។

ជនរងគ្រោះទាំង៣នាក់មាន៖ ទី១-ឈ្មោះ ធិន ភក្រ្តា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុបានស្លាប់។ ជនរងគ្រោះទី២-ឈ្មោះ ឡេ ចាន់រក្សា ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ បានស្លាប់។ ដោយឡែកជនរងគ្រោះទី៣-ឈ្មោះ ខុន ធារ៉ា ភេទស្រី អាយុ១៤ឆ្នាំ រស់នៅ ភូមិព្រែកសំរោង ឃុំខ្សាច់អណ្ដែត ស្រុកឆ្លូង រកសាកសពមិនទាន់ឃើញនៅឡើយ។

លោកអធិការនគរបាលស្រុកឆ្លូង បានបន្តថា បន្ទាប់ពីទទួលដំណឹងភ្លាម កម្លាំងនគរបាលបានចុះ ទៅដល់កន្លែងកើតហេតុ ធ្វើការជួយរក ក៏ប្រទះឃើញសាកសព ចំនួន២នាក់។ នគរបាល បានពិនិត្យសាកសពជនរងគ្រោះ ឃើញថា ពិតជាស្លាប់ដោយសារ លង់ទឹកពិតប្រាកដមែន ហើយសមត្ថកិច្ចក៏ប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យប្រពៃណី៕