(ព័ត៌មានបន្ថែម) អគ្គិភ័យ​ឆាបឆេះ​ផ្ទះពលរដ្ឋ២ខ្នង នៅខណ្ឌឬស្សីកែវ ម៉ត់គ្មានសល់ ប្រើឡានទឹកអស់២៣គ្រឿង ទើបរលត់!!!
ព័ត៌មាន
570

ភ្នំពេញ៖ អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ឈើលើថ្មក្រោម អស់ចំនួន២ខ្នង បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ ។

ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងលេខ៦២R មូលដ្ឋានសង្កាត់ ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេឃើញមានផ្សែងខ្មៅខ្មួញខ្មាញ ចេញអណ្ដាតភ្លើងឆាបរាលដាល យ៉ាងខ្លាំងបង្កអោយបងប្អូនប្រជាពលរដ្ឋរត់ប្រមូលសម្ភារៈប្រើប្រាស់ក្នុងផ្ទះរើចេញភ្លាមៗ ខណៈនោះ រថយន្តពន្លត់អគ្គិភ័យបានចេញជាច្រើនគ្រឿងដើម្បីជួយអន្តរាគមន៍បាញ់ពន្លត់ ជៀសវាងរាលដាលដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀត។

លោកវរៈសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ នគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា​ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណីអគ្គិភ័យឆេះផ្ទះ កម្លាំងនគរបាល បានចេញរថយន្តជាច្រើនគ្រឿង ដើម្បីជួយអន្តគមន៍បាញ់ពន្លត់ រហូតមកដល់វេរលត់ទៅវិញ​ទាំងស្រុង។

លោកនាយការិយាល័យបានបញ្ជាក់ផងដែរ មូលហេតុអគ្គីភ័យនេះកើតឡើង គឺជំហានដំបូងសមត្ថកិច្ចដាក់ការសង្ស័យថាមូលហេតុនៃការឆាបឆេះ គឺឆ្លងចរន្តអគ្គីសនី។ ក្នុងប្រតិបត្តិការនេះផងដែរ កម្លាំងនគរបាលបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២៣គ្រឿង ដើម្បីបាញ់ពន្លត់ទើបរលត់ និងការខូចខាត ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងផ្ទះ ទំហំ៦ម៉ែត្រ គុណនឹង៧ ម៉ែត្រ ទាំងស្រុង តែសំណាងល្អមិនបង្កអោយមានមនុស្សរងរបួសឡើយ៕