នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ បាត់បង់កូនប្រុសពៅជាទីស្រឡាញ់គ្មានថ្ងៃត្រឡប់ ដោយមិនបានបន្សល់ទុកបណ្តាំមួយម៉ាត់
ព័ត៌មាន
2.31K

ភ្នំពេញ៖ ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានអង្គរក្សក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ និងលោកស្រី យីវ នារ៉ាដា ព្រមទាំងក្រុមគ្រួសារ កំពុងតែមានទុក្ខយ៉ាងក្រៀមក្រំ ដោយសារបាត់បង់កូនប្រុសពៅជាទីស្រឡាញ់ ដោយគ្មានថ្ងៃត្រឡប់ ។ ការបាត់បង់កូនប្រុស នាពេលនេះ បានធ្វើឲ្យ នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ ដែលជាអតីតស្នងការនគរបាលរាជធានីភ្នំពេញ និងភរិយារួមទាំងកូនៗផ្សេងៗទៀត តក់ស្លុតស្ទើរតែគាំងបេះដូង ខណៈដែលកូនរបស់លោក បានចាកចេញពីលោក សូម្បីតែបណ្តាំមួយមួយមាត់ក៏គ្មាន ក្នុងវ័យត្រឹមតែ២១ឆ្នាំប៉ុណ្ណោះ ។

ប្រភពព័ត៌មានបានឲ្យដឹងថា កូនប្រុសពៅរបស់ នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ ដែលស្លាប់នេះមានឈ្មោះ រ៉ុថ បញ្ចរង្គ អាយុ ២១ឆ្នាំ ជានគរបាលជាតិ នៅនាយកដ្ឋានការពារ ហើយមុនពេលកើតហេតុ ពេលថ្ងៃ កំលោះ រ៉ុថ បញ្ចរង្គ បានលេងសើចសប្បាយជាមួយក្រុមគ្រួសារ និងអ្នកនៅផ្ទះរបស់លោកធម្មតា ប៉ុន្តែប៉ុន្មានម៉ោងក្រោយមក ស្រាប់តែលាទៅជារៀងរហូតតែម្តង កាលពីយប់រំលងអធ្រាត្រថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ដោយរោគាពាធ។

ក្នុងនោះ នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ បានបង្ហោះនៅលើបណ្តាញសង្គមថា «កូនប្រុសពៅរបស់ខ្ញុំ គេបានលាលោកទៅចោលខ្ញុំ និងក្រុមគ្រួសារទាំងក្មេងខ្ចី ជារៀងរហូត ហើយដោយបន្សល់ទុកនៅការសោកសង្រេង និងអាលោះអាល័យរកអ្វីប្រៀបពុំបានពីយើងខ្ញុំ»

សូមបញ្ជាក់ថា ពិធីបុណ្យសពបានរៀបចំធ្វើតាមប្រពៃណី នៅភូមិគ្រឹះរបស់នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ តាមផ្លូវបេតុង ក្រុមទី១ ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ៕