​សិស្សសាលាមីយ៉ាន់ម៉ា​១៩នាក់រងរបួស​ ដោយសារការប្រយុទ្ធគ្នារវាងកងទ័ព​រដ្ឋាភិបាល និងក្រុមឧទ្ទាម​​
ព័ត៌មានអន្តរជាតិ
227

បរទេស៖ អ្នកនាំពាក្យ​យោធា​មីយ៉ាន់ម៉ា ថ្លែងកាលពី​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា សិស្សសាលា​យ៉ាងតិច​១៩នាក់​បានរងរបួស ខណៈសាលាបឋមសិក្សា​មួយកន្លែង​រងនូវគ្រាប់កាំភ្លើង​ធ្លាក់ចំ ពេលដែល​កងទ័ព​រដ្ឋាភិបាល និងក្រុមឧទ្ទាម​ប្រយុទ្ធគ្នា នៅក្នុងរដ្ឋ​ រ៉ាក់ឃីន​។​ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។

ការប៉ះទង្គិច​រវាង​កងទ័ពរដ្ឋាភិបាល និងក្រុមឧទ្ទាមជនជាតិភាគតិច​បាន​ផ្ទុះឡើងជាខ្លាំង​នៅក្នុងរដ្ឋរ៉ាក់ឃីន​។ រដ្ឋមួយនេះ​អំពើហិង្សា​នាំឲ្យមនុស្ស​រាប់​ពាន់នាក់​បាត់បង់ទីជម្រក ។ អំពើហិង្សា​បានចាប់ផ្តើម​ក្នុងខែធ្នូ ឆ្នាំ២០១៨ ។ វាបានបង្កឲ្យមានអំពើចលាចល​ក្នុងតំបន់ ហើយជនម៉ូស្លីម​រ៉ូហ៊ីងយ៉ាង​ប្រហែល ៧៣០​០០០នាក់​ភៀសខ្លួន​ពីការបង្ក្រាប​របស់យោធា​កាលពីឆ្នាំ២០១៧ ។

គ្រាប់កាំភ្លើង​បានធ្លាក់​ចំសាលាបឋមសិក្សា​មួយខ្នង​នៅក្នុងភូមិ Khamwe Chaung ទីក្រុង Buthidaung កាលពីព្រឹកថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ២០២០ ។ មន្ត្រីក្រសួងសុខាភិបាល​បានបញ្ជាក់ប្រាប់ប្រភពរ៉យទ័រ​ផ្សាយថា សិស្ស​១៩នាក់​បានរងរបួស ។

ឯកអគ្គរដ្ឋទូត​អង់គ្លេស​នៅមីយ៉ាន់ម៉ា​បានថ្លែងការណ៍​ជំរុញ​ឲ្យបញ្ចប់អំពើហិង្សា​នៅក្នុងតំបន់នេះ ស្របពេលបណ្តាញអ៊ីនធើណេ​ត​ត្រូវបានបើកឲ្យដំណើរ​ការបានដូចដើមឡើងវិញ​នៅក្នុងតំបន់ ។

ការប៉ះទង្គិច​ដែលនាំឲ្យគ្រាប់កាំភ្លើងធំ​ធ្លាក់ចំ​សាលារៀននេះ គឺកើតឡើងរវាង​កងកម្លាំងរដ្ឋាភិបាល ហើយនិងក្រុម​ឧទ្ទាម កម្លាំង​អារ៉ាកាន AA (Arakan Army) ដែលកកើត និងមានមូលដ្ឋាន​នៅភាគខាងលិច​​ប្រទេសមីយ៉ាន់ម៉ា ។ ក្រុមឧទ្ទាមនេះ​វាយប្រហារ​ដើម្បីដំណើម​គ្រប់គ្រងស្វ័យភាព​ធំទូលាយ​ពី​កម្លាំងរដ្ឋាភិបាល​មីយ៉ាន់ម៉ា ៕