ស្នូរគ្រាប់កាំភ្លើងជាច្រើនគ្រាប់ផ្ទុះលាន់មេឃ​ទៀតហើយ នៅជិតមហាវិទ្យាល័យ ជូឡាឡុងកន​ ប្រទេសថៃ
ព័ត៌មានអន្តរជាតិ
713

បរទេស៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី ១៤ ខែ​កុម្ភៈ​នេះ ប៉ូលិស​ក្នុង​ប្រទេស​ថៃ បាន​ចេញ​ប្រតិបត្តិការ​ស្វែង​រក​បុរស​ម្នាក់ ដែល​បាន​ធ្វើ​ការ​បាញ់បោះ​យ៉ាង​ហោច​ណាស់​ចំនួន​២០​គ្រាប់ ក្នុង​ទី​សាធារណៈ ជិត​នឹង​មហាវិទ្យាល័យ Chulalongkon​។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។

បើ​តាម​សាក្សី ដែល​បាន​ឃើញ​ហេតុការណ៍​បាន​និយាយ​ថា ពួកគេ​បាន​ឮ​សំឡេង​ស្នូរ​គ្រាប់​កាំភ្លើង នៅ​លើ​ផ្លូវ Chula Soi 10 ក្នុង​តំបន់ Pathum Wan ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មក​ទល់​ពេល​នេះនៅ​មិន​ទាន់​មាន​ព័ត៌មាន​ច្បាស់ការណ៍​ណា​មួយ បញ្ជាក់​ថាមាន​អ្នក​របួសដោយ​ហេតុការណ៍​នេះ​នៅ​ឡើយ​ទេ ខណៈ​ហេតុការណ៍​មួយ​នេះ កើត​មាន​ឡើង​ត្រឹម​ពេល​ប៉ុន្មាន​ថ្ងៃ ក្រោយ​ការ​វាយ​ប្រហារ​ដ៏​សាហាវ​ក្នុង​ក្រុង Korat ដែល​បាន​សម្លាប់​មនុស្ស​អស់ ២៩ នាក់​នោះ ។

តាម​សាក្សី​ម្នាក់​បាន​រៀបរាប់​ដែរ​ថា «ដំបូងគាត់​បាញ់​ឡើង​ទៅ​លើ​មេឃ ចំនួន ៣ គ្រាប់ ហើយ​ក្រោយ​មក គាត់​បាន​ដាក់​កាំភ្លើង​តម្រង់​មក​ទិសដៅ​របស់​ខ្ញុំ» ។ ក្រោយ​កើត​ហេតុការណ៍ ក្រុម​ប៉ូលិសបាន​ធ្វើ​ការ​ហ៊ុំព័ទ្ធ​តំបន់​ផ្លូវ Chula Soi 10 ដោយ​សង្ស័យ​ថា វា​ជា​កន្លែង​ជន​សង្ស័យ​កំពុង​លាក់​ខ្លួន ។ ក្រោយ​មក​ទៀត ប៉ូលិស​ក៏​បាន​រក​ឃើញ​ថា ជន​ដែល​បាញ់​បោះ​នោះ មាន​ឈ្មោះ​ថា Ekkachai Charueksilp អាយុ ៤៤ ឆ្នាំ ដែល​មាន​ជម្លោះ​ជាមួយ​ក្រុម​គ្រួសារ មុន​ពេល​ចាកចេញ​ពី​ផ្ទះ ជាមួយ​កាំភ្លើង​កាន់​នៅ​នឹង​ដៃ ៕