ផ្អើលខ្លាំង! ទុស្សេចរន្តអគ្គិសនីឆេះនៅម្តុំបឹងកេងកង បំផ្លាញម៉ូតូ២គ្រឿង ធ្លាក់ខ្សែភ្លើងរាយប៉ាយពេញផ្លូវ
ព័ត៌មាន
539

ភ្នំពេញ៖ (ព័ត៌មានបន្ថែម) មានការភ្ញាក់ផ្អើលខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ​រត់ចែកជើងគ្នា ប្រញាប់យកបំពង់ពន្លត់អគ្គិភ័យមកធ្វើការបាញ់ពន្លត់ ខណៈដែលអគ្គិភ័យនេះបានឆេះរាលដាលដល់បណ្តាញខ្សែភ្លើងធ្លាក់រប៉ាត់រប៉ាយពេញផ្លូវ រហូតឆេះម៉ូតូប្រជាពលរដ្ឋ២គ្រឿងទៀត បណ្តាលឲ្យរងការខូចខាត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្លូវប៉ាស្ទ័រ កែងនិងផ្លូវ៣៦០ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ដំបូងឡើងគេបានលឺសំឡេងផ្ទុះ ហើយក៏មានការឆាបឆេះលើបណ្តាញខ្សែភ្លើងជាបន្តបន្ទាប់ ធ្លាក់រ៉ាយប៉ាយពេញផ្លូវ យ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យឆាបឆេះម៉ូតូធូដេមួយគ្រឿង ពាក់ស្លាកលេខកណ្តាល 1B-5858 ម៉ត់គ្មានសល់នៅតែគ្រោងឆ្អឹង ។ចំណែកម៉ូតូស៊ុយសាគីលែតមួយគ្រឿងទៀត 1N-4830 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ត្រូវបានអគ្គិភ័យឆាបឆេះបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំផងដែរ ។

ភ្លាមៗប្រជាពលរដ្ឋនៅទីនោះបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកធ្វើការបាញ់ពន្លត់អស់ជាច្រើនបំពង់ ហើយភ្លាមៗក៏មានរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង បានចុះមកដល់ទីតាំងកើតហេតុ ដើម្បីធ្វើការបាញ់ពន្លត់ ប៉ុន្តែភ្លាមៗគឺមិនអាចបាញ់ទឹកបាននោះទេ ព្រោះខាងអគ្គិសនីមិនទាន់បិទចរន្តភ្លើង ខ្លាចក្រែងមានការឆក់ទៅលើកងកម្លាំងឬប្រជាពលរដ្ឋ ទើបធ្វើការបាញ់ពន្លត់រលូតរលត់វិញជាស្ថាពរមិនបណ្តាលឲ្យនរណាម្នាក់មានរបួសអ្វីនោះទេ៕