ឡោ សំណាង ប្រកាស​ឡើង​សង្វៀនវាយយកប្រាក់មកទិញកង់បីឲ្យ ពេជ្រ អា​រុណ ​ទោះបាក់ដៃ​បាក់ជើង ធ្លាក់ខ្លួន​ពិការក៏មិនស្តាយ ​

មហាជនពិតជាបានស្គាល់ហើយ ​អ្នក​ប្រដាល់​លំដាប់​ជួរ​មុខ ពេជ្រ អារុណ ដែលមានឈ្មោះ​បោះ​សំឡេង​ខ្លាំង​ក្នុងអំឡុង​ឆ្នាំ​២ពាន់​ជាង ហើយធ្លាប់ប្រកួតឈ្នះ​ខ្សែក្រវាត់​ជើងឯក​ទូ​ទាំង​ប្រទេស​និងមេដាយ​ជា​ច្រើនផងដែរ ។

ក្រោយមក លោកក៏បានបាត់មុខពី​សង្វៀនជា​ច្រើន​ឆ្នាំ ដោយបានទៅរស់នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង តម្លៃ​៣០​ដុល្លារ​ក្នុង​មួយ​ខែ ​ក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជាមួយ​ប្រពន្ធនិង​កូន​២​នាក់​ ដោយប្តូរអាជីពធ្វើជាអ្នករត់​កង់​បី​ ហើយកង់បីនោះ មិនមែន​ជា​របស់​លោក​ទេ គឺ​ជួល​គេ​ក្នុង​មួយ​ថ្ងៃ២​ម៉ឺន​រៀល អត់លុយឲ្យគេក៏ទៅធ្វើ​សំណង់ រី​ឯប្រពន្ធនិងកូនធ្វើជា​អ្នក​អនាម័យ​នៅ​សាលារៀន​ឯកជន​។

ដោយឡែកថ្មីៗនេះ លោក ឡោ សំណាង បានបង្ហោះនៅលើគណនីFacebook របស់លោកថា «​ខ្ញុំ​មិន មាន​ប្រាក់​ជួយ​សម្លាញ់​ឯង​ទេ​តែ​គ្នា​មាន​កម្លាំង​ខ្លះ ដើម្បី​ធ្វើ​ជា​ទុន ទោះបី​ការ​ប្រកួត​ជួប​ហានិភ័យ​បាក់ដៃ​បាក់ជើង ធ្លាក់ខ្លួន​ពិការ​ក៏​ខ្ញុំ​មិន​សោក ស្ដាយ​ដែរ គឺ​ពេញចិត្ត​នឹង​ធ្វើ​»​ ដែលមានន័យថា លោកកំពុង​តែ​ហ្វឹកហាត់​ត្រៀម​ឡើង​សង្វៀន​ឆាប់​ៗ​នេះ​ក្នុង​កម្មវិធី​Mas Fight ដើម្បី​យក​ប្រាក់​ដែល​បាន​ពី​ការ​ប្រកួត​និង​ពី​សប្បុរសជន​ទៅ​ទិញ​ម៉ូតូ​កង់​បីឲ្យ ​ពេជ្រ អា​រុណ​៕