​អាមេរិកព្រមាន ​មេបញ្ជាការ​​កងទ័ពថ្មីអ៊ីរ៉ង់ អាចនឹងមានវាសនាដូចលោកSoleimani បើហ៊ានសម្លាប់ពលរដ្ឋ ឬកងទ័ពអាមេរិកណាម្នាក់
ព័ត៌មានអន្តរជាតិ
603

បរទេស៖ កាលពីដើមខែនេះ លោក Esmail Ghaani ដែលបានទទួលជោគជ័យក្លាយជាមេបញ្ជាការកងកម្លាំងបដិវត្តដ៏យូរអង្វែង បន្ទាប់ពីលោកឧត្តមសេនីយ៍ទោ Qasem Soleimani ត្រូវបានគេធ្វើឃាតនៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិក បានសន្យាថា នឹងបន្តការងាររបស់មេបញ្ជា ការមុនរបស់លោក​។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Sputnik នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។

តំណាងពិសេសអាមេរិកទទួលបន្ទុកកិច្ចការអ៊ីរ៉ង់ លោក Brian Hook បានព្រមានថាអ្នកបន្តវេនពីលោក Qassem Soleimani អាចនឹងមាន វាសនាដូចអតីតមេបញ្ជាការអ៊ីរ៉ង់រូបនេះដែរ បើសិនជាហ៊ានសម្លាប់ពលរដ្ឋ ឬកងទ័ពអាមេរិកណាម្នាក់។​ លោក ​Hook ធ្វើការព្រមានបែបនេះនៅក្នុងបទសម្ភាសន៍ជាមួយកាសែត Asharq al-Awsat នៅឯវេទិការសេដ្ឋកិច្ចពិភពលោក ដែលកំពុង ប្រព្រឹត្តទៅក្នុងទីក្រុង Davos ប្រទេសស្វីស ថា៖ «បើសិនជា លោក Esmail Ghaani ហ៊ាន ដើរតាមជំហានចាស់ដោយសម្លាប់ពលរដ្ឋ ឬកងទ័ពអាមេរិកណាម្នាក់ នោះលោកនឹងមានវាសនាដូចលោក Soleimani ដ្បិតលោកប្រធានាធិបតី ត្រាំ បានបញ្ជាក់យ៉ាងច្បាស់រួចហើយថា នឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងរាល់ការវាយប្រហារលើពលរដ្ឋអាមេរិក ឬកងទ័ពអាមេរិក ឬក៏ផលប្រយោជន៍អាមេរិក»។

គួរបញ្ជាក់ថា លោក Qassem Soleimani ដែលជាអតីតមេបញ្ជាការកងអង្គភាព Quds នៃកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ត្រូវបានយន្ដហោះដ្រូនអាមេរិក សម្លាប់កាលពីដើមខែមករាកន្លងទៅ នៅទីក្រុងបាកដាដ ប្រទេសអ៉ីរ៉ាក់។ ក្រោយមរណភាពនេះ មេដឹកនាំកំពូលអ៉ីរ៉ង់បានតែងតាំងលោក Esmail Ghaani ជាមេបញ្ជាការកងអង្គភាព Quds ថ្មី ហើយលោក Ghaani ក៏បានស្បថដែរថានឹងដើរតាមគោលនយោបាយរបស់លោក Soleimani៕​​