វាយខ្នោះយុវជន៣នាក់ ដកហូតបានថ្នាំញៀន ៣៤កញ្ចប់
ព័ត៌មាន
282

ខេត្តព្រះសីហនុ៖ កម្លាំងជំនាញការិយាល័យបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក វរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការចុះបង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ ដកហូតបានក្រាមសថ្លាចំនួន ៣៤កញ្ចប់។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៦ និង៣០នាទីល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នៅចំណុចក្រុម១៤ ភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ជនសង្ស័យទាំង៣នាក់ដែលឃាត់ខ្លួនបានរួមមាន៖

ទី១ ឈ្មោះ ចាន់ លឹម ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ ស្រុកកំណើត ស្រុកពាមប្រភ្នក ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅភូមិ០១ សង្កាត់០១ ក្រុង-ខេត្តព្រះសីហនុ។

ទី២ ឈ្មោះ ប៉ា លិក ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើតភូមិដំណាក់ស្វាយ ឃុំល្វេ ស្រុកកោះសុទិន ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅភូមិ០៤ សង្កាត់ ០៤ ក្រុង-ខេត្តព្រះសីហនុ ។

ទី៣ ឈ្មោះ គ្រុយ ហៃ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរជាងសំណង់ ស្រុកកំណើត សង្កាត់ទឹកល្អក់ ខណ្ឌមានជ័យ ក្រុងភ្នំពេញ បច្ចុប្បន្នស្នាក់នៅភូមិ០៤ សង្កាត់០៤ ក្រុង-ខេត្តព្រះសីហនុ។

ក្នុងនោះ កម្លាំងបានដកហូតវត្ថុតាងម្សៅក្រាមសថ្លា ចំនួន ៣៤កញ្ចប់ និងទូរស័ព្ទ ចំនួន០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរួចហើយ៕