ក្មេងតូចៗ ៣នាក់ អង្គុយនៅលើរទេះតូចមួយ ជាមួយសពឪពុក...
ព័ត៌មាន
478

ភ្នំពេញ៖ មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ បាននាំយកអំណោយទៅជូនក្មេងកំសត់ ០៣នាក់ បន្ទាប់ពីកាលពីថ្មីៗនេះ មានរូបភាព មួយសន្លឹក ត្រូវបានបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយបង្ហាញពីសភាពក្មេងតូចៗ ៣នាក់ អង្គុយនៅលើរទេះតូចមួយ ជាមួយសពឪពុករបស់ខ្លួន ក្នុងខណៈពេលកំពុងដឹកសពនេះយកទៅបូជា ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

រូបមួយនេះ បានធ្វើឲ្យមហាជនក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានអារម្មណ៍ក្តុកក្តួល សឹងតែទប់ទឹកភ្នែកពុំជាប់។

ព្រមជាមួយគ្នានោះផងដែរ លោកវរសេនីយ៍ឯក គិត សុផល មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ បានលើក ឡើងថា រូបថតក្នុងហ្វេសប៊ុក ដែលមានក្មេងតូចៗ ៣នាក់ អង្គុយនៅលើរទេះតូចមួយ ជាមួយសពឪពុករបស់ខ្លួន គឺជារឿង កំសត់ពិតៗ ព្រោះបន្ទាប់ពីមានការចែកចាយរូបភាព ដ៏គួរឲ្យសង្វេគនេះ តាមបណ្តាញសង្គមហ្វេសប៊ុកមក លោកបាន ទទួលការណែនាំ ពីសំណាក់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះស្រាវជ្រាវ ពិនិត្យមើលជាក់ស្តែង រកឃើញថា រូបភាពនេះ ពិតជាមានក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅប្រាកដមែន ដោយក្មេងទាំង ៣នាក់នោះគឺជាគ្រួសារក្រីក្រ ត្រូវម្តាយរត់ចោល រស់នៅជាមួយ ឪពុកឈ្មោះ លួង ពៅ អាយុ៤២ឆ្នាំ និងជីដូនចាស់ជរាឈ្មោះ ម៉ី ចាន់ឌី អាយុ៦២ឆ្នាំ នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ស្រាប់តែនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ឪពុករបស់ក្មេងទាំង៣ ក៏ស្លាប់ចោល ធ្វើឲ្យពួកគេក្លាយជាក្មេងកំព្រាដ៏កំសត់ រស់នៅជាមួយជីដូនចាស់ជរាទុរគត។

នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក គិត សុផល ក៏បាននាំយកនូវអំណោយមួយចំនួន ទៅប្រគល់ជូនក្មេងកំព្រា ៣នាក់ ដោយអំណោយទាំងនោះរួមមាន៖

- ថវិកាចំនួន ៧០ម៉ឺនរៀល

- អង្ករចំនួន ០៣ការ៉ុង

- ទឹកបរិសុទ្ធ ០២ កេស

- ទឹកក្រូច ០៣ កេស

- មីថៃចំនួន ០២ កេស

- ខោអាវក្មេង ០៨កំប្លេ

- ភួយចំនួន ០៣ភួយ៕