គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូ​ ០២ករណីជាបន្តបន្ទាប់ ស្លាប់មនុស្ស០២ ក្នុងខេត្តបន្ទាយមានជ័យ​
ព័ត៌មាន
582

ខេត្តបន្ទាយមានជ័យ​៖​ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា មនុស្ស០២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូ ០២ករណីដោយឡែកពីគ្នា។ មួយករណីនៅស្រុកព្រះនេតព្រះ និងមួយករណីទៀត នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ សួន​ នីប៉ូ នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបានអោយដឹងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ នេះថា​ ៖ នៅវេលាម៉ោង ០២និង៤៥នាទីរសៀល ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចំនុចចន្លោះបង្គោលខែ្សភ្លើងលេខ០៣៣២-០៣៣៣ ស្ថិតនៅភូមិជប់វារី ឃុំជប់វារី ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ដំបូងមានរថយន្តមួយគឿងម៉ាកស៊ីណា ពណ៌ស ពាក់ស្លាកលេខ ពោធិ៍សាត់ ២B.៧៧២២ (អ្នកបើកបររត់គេចខ្លួន) បានបើករថយន្តមកទិសខាងកើតទៅលិច ដល់ចំនុចកើតហេតុបានបុកម៉ូតូមួយគ្រឿងម៉ាក ហុងដាវេវ ពណ៌ក្រហម ពាក់ស្លាកលេខ​ ភ្នំពេញ ១BE.៣៣៥៧ បណ្ដាលអោយអ្នកបើកបរម៉ូតូ ឈ្មោះ ផាំង វី ភេទស្រី អាយុ ៦២ឆ្នាំ នៅភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ ស្លាប់ភ្លាមៗនៅនឹងកន្លែង ។ មូលហេតុអ្នកបើកបរម៉ូតូបត់ឆ្វេងមិនបានប្រយ័ត្ន។ សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ចំពោះវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាន​ ដើម្បីរងចាំធ្វើការដោះស្រាយពេលក្រោយ ។

លោកនាយរងការិយាល័យចរាចរណ៍បានអោយដឹងទៀតថានៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ០៦និង​២០នាទីយប់ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំនុចខាងកើតមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចម្ងាយ ១៥០ម៉ែត្រ ស្ថិតនៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានគ្រោះថា្នក់ចរាចរណ៍មួយករណីទៀត បានកើតឡើង រវាងរថយន្តម៉ាកនីសាន់ណាវ៉ារ៉ា បើកបរក្នុងទិសដៅពីលិចទៅកើត​ ជែងក្នុងស្ថានភាពគ្រោះថ្នាក់ទៅបុកប៉ះម៉ូតូហុងដា​ ធុនសេ ១២៥​ ទិសដៅពីកើតមកលិច(ច្រាសទិសគ្នា)បណ្ដាលអោយស្លាប់អ្នកបើកបរម៉ូតូ ០១នាក់មិនស្គាល់អត្តសញ្ញាណ។ សពជនរងគ្រោះត្រូវបានតំកល់ទុកនៅវត្តត្រាច ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ចំពោះវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាន​ ដើម្បីរងចាំធ្វើការដោះស្រាយពេលក្រោយ ៕