សមត្ថកិច្ចឈានដល់ការចាប់ខ្លួនបានមេខ្លោង នៃការសម្លាប់ចិនដូចគ្នាញាត់ចូលគូទរថយន្តLexus LX470 ហើយបើករត់ពីខេត្តកណ្តាល ចូលមកភ្នំពេញ បានហើយ!
ព័ត៌មាន
669

កណ្តាល៖ ក្រោយមានករណីសមត្ថកិច្ចចម្រុះ ធ្វើការដេញស្ទាក់រថយន្តមួយគ្រឿង ដែលបើកបរដោយជនជាតិចិន២នាក់ បានស្លាប់បុរសជនជាតិចិនម្នាក់ទៀត ញាត់ចូលគូទរថយន្តហើយបើករត់ពីខេត្តកណ្តាល ចូលមកភ្នំពេញ ត្រូវសមត្ថកិច្ចចាប់ខ្លួនបាននោះ។ ពេលនេះ ដោយមានចម្លើយសារភាពពីជនសង្ស័យទាំង២នាក់ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តកណ្តាល ដោយមានការសម្របសម្រួលពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ម្សិលមិញនេះ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ម្នាក់បន្ថែមទៀត ឈ្មោះ Jia Haz Ping ដែលជាមេខ្លោង នៃការសម្លាប់នេះ យកមកសាកសួរ និងចាត់ការតាមច្បាប់ផងដែរ ។

សូមរំលឹកផងដែរថា ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តកណ្តាល និងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយនគរបាលខណ្ឌពោធិ៍សែនជ័យ ដេញស្ទាក់ចាប់រថយន្តម៉ាក Lexus LX470 មួយគ្រឿងដែលជិះដោយជនជាតិចិន២នាក់ ក្រោយសម្លាប់ជនជាតិចិនម្នាក់ទៀត ញាត់ចូលក្នុងរថយន្តបើករត់ពីខេត្តកណ្តាល ចូលមកក្នុងរាជធានីភ្នំពេញ។

ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី ២១ ខែមករា ឆ្នាំ២០២០ នៅម្ដុំរង្វង់មូលចោមចៅ ខណ្ឌពោធិ៍សែនជ័យ ខណៈជនជាតិចិនទាំង២នាក់ បើករត់តាំងពីខេត្តកណ្តាល រហូតមកដល់ទីតាំងនេះ ដែលទាំងពេលបើកគូទរថយន្ត ម៉ាក Lexus LX470 ពាក់ស្លាកលេខ ភ្នំពេញ 2L-8689 ឃើញសាកសពជនរងគ្រោះថែមទៀត ពាក់ព័ន្ធករណីចិនចាប់ជំរិតជនជាតិចិនដូចគ្នា ។

បច្ចុប្បន្នជនសង្ស័យជនជាតិចិនទាំង២នាក់ខាងលើ ត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការនិងចាត់ការតាមច្បាប់បន្តទៀត៕