រថយន្តបត់ឆ្លងផ្លូវមិនប្រយ័ត្ន ស្របពេលម៉ូតូមកលឿន បុកយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសភាគីម៉ូតូរងរបួសធ្ងន់
ព័ត៌មាន
398

ខេត្តកំពង់ធំ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយម៉ូតូ ក្នុងទិសដៅស្របគ្នាពីជើងទៅត្បូង បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោង ២និង០០នាទីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ១៧២-១៧៣ ភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តម៉ាក TITAN ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 2A-2037 បើកបរដោយឈ្មោះ សន រ៉ា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរបើកបររថយន្ត រស់នៅភូមិផ្លូវដំរីក្រោម ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ (គ្មានរបួស) បាននាំខ្លួនទៅអធិការធ្ឋាននគរបាលស្រុកកំពង់ស្វាយដើម្បីសួរបំភ្លឺ ។ ចំណែកម៉ូតូម៉ាក ហុងដា SCOOPY ពណ៌ស គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ហួន ចាន់វិបុត្រ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (របួសធ្ងន់) ។

មូលហេតុបឋម៖ បង្កឡើងដោយអ្នកបើកបររថយន្តបត់ឆ្វេងឆ្លងកាត់ផ្លូវខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន រីឯអ្នកបើកបរម៉ូតូមានល្បឿនលឿន។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង ធ្វើការវាស់វែងយកវត្ថុតាងយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ​ ដើម្បីកសាងដោះស្រាយតាមនីតិវិធី ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕