ផ្អើលទាំងយប់! ជនជាតិចិន សង្ស័យស្រវឹងបើករថយន្តស៊េរីទំនើប បោះពួយយ៉ាងលឿន ជ្រុលទៅបុករបងការដ្ឋានសំណង់កោះពេជ្រពេញទំហឹងធ្លាយចូលក្នុង បណ្តាលឲ្យបាក់ជើងរងរបួសធ្ងន់ (មានវិដេអូ)
ព័ត៌មាន
206

ភ្នំពេញ៖ បុរសជនជាតិចិនមួយក្រុម បើករថយន្តស៊េរីទំនើបមួយគ្រឿង ជ្រុលទៅបុករបងការដ្ឋានសំណង់កោះពេជ្រពេញទំហឹង បណ្ដាលឲ្យអ្នកជិះក្នុងរថយន្ត រងរបួសធ្ងន់ម្នាក់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៣និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ក្នុងការដ្ឋានសំណង់មួយកន្លែង ក្នុងបរិវេណមជ្ឈមណ្ឌលកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន ។

បើតាមប្រភពពីបុរសម្នាក់ជាសន្តិសុខយាមក្នុងកោះពេជ្រ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់កំពុងតែអង្គុយយាមសុខៗស្រាប់តែឃើញរថយន្តស៊េរីទំនើប១គ្រឿង ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខ ភ្នំពេញ 2AB-6666 បើកដោយបុរសម្នាក់ ជាជនជាតិចិន និងរួមដំណើរដោយជនជាតិចិន២នាក់ទៀត ធ្វើដំណើរតាមផ្លូវសុភមង្គល ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុរថយន្តបានរេចង្កូតបត់ឆ្វេងត្រលប់ក្រោយ ក៏ជ្រុលទៅបុករបងការដ្ឋានសំណង់ បណ្ដាលឲ្យធ្លុះចូលទៅខាងក្នុង រងការខូចខាតសម្ភារមួយចំនួន ព្រមទាំងធ្វើឲ្យបុរសម្នាក់ ដែលជាអ្នកបើកបរ រងរបួសបាក់ជើងខាងស្តាំ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ។ ចំណែកឯអ្នករួមដំណើរ២នាក់ទៀត រងរបួសស្រាល បានគេចចេញពីកន្លែងកើតហេតុបាត់។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ រួចបានឲ្យតំណាងភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នា ដោយខាងរថយន្តបង្ក សុខចិត្តសងថ្លៃខូចខាតលើសម្ភារ: ដែលរងការខូចខាតទាំងអស់ ដើម្បីបញ្ចប់រឿង៕