គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាឡើងដល់កម្រិតប្រកាសអាសន្ន! សម្តេចក្រឡាហោម ស ខេង ចង់ឲ្យដកបណ្ណបើកបរពីអ្នកបើកបរក្នុងស្ថានភាពស្រវឹងនិងអ្នកញៀនថ្នាំ លែងឲ្យបើកបរមួយជីវិត
ព័ត៌មាន
1.48K

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងថា លោកចង់ឲ្យមានការធ្វើវិសោធនកម្ម ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឬកែប្រែលើអនុក្រឹត្យ ដើម្បីបង្កើនកម្រិតផាកពិន័យអ្នកប្រព្រឹត្តល្មើសច្បាប់បើកបរឲ្យបានធ្ងន់ធ្ងរជាងពេលបច្ចុប្បន្ន រហូតឈានដល់ការដកបណ្ណបើកបររបស់អ្នកបរក្នុងស្ថានភាពស្រវឹង និងអ្នកបើកបរញៀនថ្នាំត្រូវពិន័យលែងឲ្យបើកបរមួយជីវិត។

ស្របពេលដែល សម្តេចក្រឡាហោម មានការព្រួយបារម្ភខ្លាំង ចំពោះអត្រាគ្រោះថ្នាក់ចរាចរណ៍ ក្នុងឆ្នាំ២០១៩ កន្លងមក មានរហូតដល់ជាង៤ពាន់លើក ដែលមានអ្នកស្លាប់រហូតដល់ជិត២០០០នាក់ ជាកម្រិតមួយឈានដល់ការប្រកាសអាសន្ន។

ក្នុងនោះសម្តេចក្រឡាហោម ស ខេង បានសង្កត់យ៉ាងធ្ងន់ថា បើឃើញថា អ្នកហ្នឹងបើកបរក្នុងស្ថានភាពស្រវឹង ចោះពែកមី (បណ្ណបើកបរ) ហ្នឹងមួយ។ ចោះតែម្តង បើគ្រាន់តែចុះក្នុងក្រដាសផ្សេងអត់បានទេ គឺចោះតែម្តង ដើម្បីស្រួលពិនិត្យ។ លើកទីពីរចោះមួយទៀត លើកទីបី ដកពែកមី ហើយហាមមិនឱ្យបើកបរក្នុងរយៈពេលប៉ុន្មាន? មួយឆ្នាំ ឬពីរឆ្នាំ […]។ […] បើរកឃើញអ្នកមានសារជាតិញៀនមិនបាច់និយាយអ្វីទាំងអស់ បើថាមានពែកមី ចោះដល់៥-៦ មិនមែនចោះពីរទេ ហើយដកយកតែម្តង។ អ្នកហ្នឹង គឺមួយជីវិតមិនអនុញ្ញាតឱ្យបើកបរ ការអនុវត្តន៍នេះមិនត្រឹមតែអ្នកបើកបររថយន្តនោះទេ អ្នកបើកបរម៉ូតូក៏ត្រូវអនុវត្តន៍ដែរ និងបានណែនាំឲ្យចាប់ផ្តើមពិនិត្យទៅលើអនុក្រឹត្យ ស្តីពីការផាកពិន័យនេះចាប់ពីថ្ងៃស្អែកតែម្តង។

សម្តេចបានបន្តថា តឹងនេះមិនមែនដើម្បីលុយទេ តឹងនេះដើម្បីជីវិតរបស់ពួកគាត់មិនអ៊ីចឹង? ដើម្បីជីវិតរបស់ពួកយើងទាំងអស់គ្នា។ កុំយល់ច្រឡំថា គិតតែពីផាកពិន័យសំខាន់យកលុយនោះមិនមែនទេ។ មិនមែនក្នុងន័យអ៊ីចឹងទេ លុយហ្នឹងមិនមែនយកចូលរដ្ឋទេ យកមកដើម្បីលើកទឹកចិត្តឱ្យប៉ូលិសធ្វើការ សមត្ថកិច្ចដែលធ្វើការណុងទេ។ មិនមែនក្នុងន័យថា រឹបអូសអ៊ីចឹង ដើម្បីបានលុយច្រើនយកទៅណាផ្តេសផ្តាស់ទេ មិនមែនទេ។ ដើម្បីធានាការពារការគោរពច្បាប់ ហើយធានាជីវិត ព្រោះអាយុជីវិតវាធំជាងគេបំផុត វាមានតម្លៃជាងគេបំផុតគ្មានអ្វីកាត់ថ្លៃបានទេ ៕