​​ទៀតហើយ! គ្រាប់រ៉ុក្កែត៣គ្រាប់បានវាយប្រហារ ក្បែរស្ថានទូត​អាមេរិក នៅ​អ៊ីរ៉ាក់
ព័ត៌មានអន្តរជាតិ
802

បរទេស៖ គ្រាប់រ៉ុក្កែតប្រមាណ​០៣គ្រាប់ត្រូវបានអាជ្ញាធរអ៊ីរ៉ាក់អះអាងថា បានវាយប្រហារទីតាំងមួយ ស្ថិតនៅក្បែរស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅរដ្ឋធានីបាកដាដ ប៉ុន្តែមិនមានរបាយការណ៍អំពីការស្លាប់និងរបួសនៅក្នុងការវាយប្រហារដោយគ្រាប់រ៉ុក្កែត ដែលកើតឡើងចំពេលមានភាពតានតឹងកាន់តែក្តៅនៅក្នុងប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីការសម្លាប់លោកSoleimani របស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Aljazeera នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០។

ប្រភពពីអាជ្ញាធរអ៊ីរ៉ាក់បានប្រាប់សារព័ត៌មានរ៉យទ័រថា គ្រាប់រ៉ុក្កែតចំនួន៣ គ្រាប់បានធ្លាក់កាលពីថ្ងៃអង្គារសប្តាហ៍នេះនៅក្នុងតំបន់បៃតង ក្បែរស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅរដ្ឋធានីបាកដាដ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកធ្លាប់បានចោទប្រកាន់ទៅលើកងជីវពល ដែលគាំទ្រពីក្រោយដោយអ៉ីរ៉ង់ គឺជាអ្នកបង្កការវាយប្រហារលើស្ថានទូតអាមេរិក ស្រដៀងៗគ្នានេះកាលពីប៉ុន្មានខែមុន ប៉ុន្តែវានៅតែមិនមានការចេញមុខ ទទួលខុសត្រូវនោះឡើយពីសំណាក់ក្រុមទាំងអស់នោះឡើយ។

ភាពតានតឹងនៅអ៊ីរ៉ាក់បានកើនឡើងចាប់តាំងពីអាមេរិកបានធ្វើឃាត​​លោក Qassem Soleimani មេបញ្ជាការយោធាអ៊ីរ៉ង់នៅទីក្រុងបាកដាដ កាលពីថ្ងៃទី ៣ ខែមករាកន្លងទៅ៕